​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​ប៉ូលិស ដែល​បាន​ឆ្មក់​ចូល​ហាង​មាស​ចំនួន​ពីរ​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា​ហើយ​បាច​មាស​ទៅលើ​ដងផ្លូវ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ជា​ឆ្មាំ​គុក​។​

​គាត់​បាន​យក​កាំភ្លើង AK47 មួ​យ​ដើម​ទៅ​ហាង​លក់​មាស​នៅ​ផ្សារ​ដុង​បា (Dong Ba) វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​កាលពី​ថ្ងៃអាទិត្យ គំរាម​បុគ្គលិក និង​បាញ់​បំបែក​ទូកញ្ចក់​ដែល​ដាក់​តាំង​បង្ហាញ​មាស​។​

​អ្នកដំណើរប្រញ៉ាយគ្នារើសមាសតាម​បណ្តោយ​ផ្លូវត្រឹន​ហ៊ុង​ដាវ

​គាត់​បាន​យក​មាស​បាច​ពេញ​ផ្លូវ ហើយ​ស្រែក​ថា “​មាស​សម្រាប់​អ្នកក្រ​” នេះ​បើ​យោង​តាម​សាក្សី​នៅ​ហាង​និង​ផ្សារ​។​

​គាត់​បាន​ប្រព្រឹត្ត​រឿង​តក់ស្លុត​នេះ​រយៈពេល ១០ នាទី​មុនពេល​ចាកចេញ​ពី​កន្លែងកើតហេតុ ដោយ​ដើរ​តាម​បណ្តោយ​ផ្លូវត្រឹន​ហ៊ុង​ដាវ (Tran Hung Dao) ទល់មុខ​ផ្សារ ដើម្បី​ទៅ​សួន​ទ្រិ​ញ​កុង​សឺ​ន (Trinh Cong Son) ជា​កន្លែង​ដែល​គាត់​បាន​ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​របស់​គាត់ នេះ​បើ​យោង​តាម​ប៉ូលិស​។​

​គាត់​នៅតែមាន​កាំភ្លើង​នៅ​ជាមួយ​គាត់​នៅក្នុង​សួន​។​

​ពេល​គាត់​ចេញពី​ផ្សារ មនុស្ស​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​ដើម្បី​ប្រមូល​មាស​។​

​លុះដល់​ម៉ោង​២​រសៀល ជនសង្ស័យ​បាន​ទម្លាក់​កាំភ្លើង​ចុះ​និង​ប្រគល់​ខ្លួន​អោយ​ប៉ូលិស​។​

​លោក​វរសេនីយ៍ឯក យឿ​ង វ៉ាន់ ថ័ន (Duong Van Thoan) ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ខេត្ត​បាន​និយាយថា បុរស​នោះ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​មានឈ្មោះ​ថា ង៉ូ វ៉ាន់ កួ​ក (Ngo Van Quoc)​ជា​មន្ត្រី​ធ្វើការ​នៅ​ពន្ធនាគារ​ខេត្ត​ថួ​ធៀន​វេ (Thua Thien-Hue) ។​

​លោកថ័​ន​បាន​និយាយថា ប៉ូលិស​កំពុង​ជំរុញ​អ្នក ដែល​បាន​ប្រមូល​មាស​នោះ ឱ្យ​ប្រគល់​មក​វិញ​។​

​លោក​បាន​បន្ថែមថា មន្ត្រី​កំពុង​ប្រមូល​វីដេអូ​សុវត្ថិភាព​ពី​ផ្សារ​និង​ផ្លូវត្រឹន​ហ៊ុង​ដាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នករើ​សមាស​។​

​ករណីនេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕

​បុរស​នោះ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​មានឈ្មោះ​ថា ង៉ូ វ៉ាន់ កួ​ក ជា​មន្ត្រី​ធ្វើការ​នៅ​ពន្ធនាគារ​ខេត្ត​ថួ​ធៀន​វេ