​ដោយៈ​មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ ការតាមដាន​សំណើ សំណូមពរ និង​មតិយោបល់​មហាជន ឬ​ប្រជាពលរដ្ឋ ក្នុង​បណ្ដាញ​សង្គម ប្រៀបបាន​នឹង​ការឆ្លុះ​កញ្ចក់ មួយ​ដូច្នេះ​ដែរ​។ សម្ដេច​បន្ថែមថា ការខិតខំ​ប្រមូល​សំណើ សំណូមពរ និង​មតិយោបល់ តាម​បណ្ដាញ​សង្គម​នេះ ក៏​ជាការ​ឆ្លើយតប​តាម​សេចក្ដីប្រាថ្នា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន​ទាំងអស់ តាមដាន​បញ្ហា ប្រជាពលរដ្ឋ លើ​បណ្ដាញ​សង្គម ហើយ​ខិតខំ​ដោះស្រាយ ឱ្យបាន​ទាន់ពេលវេលា​។​

​ការបញ្ជាក់​នេះ នៅក្នុង​កិច្ចប្រជុំ​ប្រកាសសេចក្ដី​សម្រេច​បង្កើត​ក្រុមការងារ តាមដាន​ដោះ ស្រាយ​សំណើ សំណូមពរ មតិយោបល់​របស់​មហា​ជន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បន្តថាៈ បន្ទាប់ពី​សម្ដេច​បង្កើត​ក្រុមការងារ តាមដាន​សំណើ សំណូមពរ និង​មតិយោបល់​មហាជន រយៈពេល​ប្រមាណ ២​ឆ្នាំ​មក សម្ដេច​សង្កេតឃើញថា មាន​មហាជន កាន់តែ​ច្រើនឡើង បានដាក់​សំណើ សំណូមពរ និង​លើក​មតិយោបល់​ជាច្រើន មកកាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច និង​ថា ព្រោះ​ហេតុ​ដូច្នេះហើយ ទើប​សម្ដេច សម្រេច​កែសម្រួល​ក្រុមការងារ​នេះ ដោយ​ដាក់បញ្ចូល​បន្ថែម នូវ​មន្ត្រី​នៃ អគ្គនាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើន​ការជឿជាក់ និង​មាន​ទំនុកចិត្ត​ពី​មហាជន​។​

​សម្ដេច​ក្រឡាហោម ស ខេង បានផ្ដល់​អនុសាសន៍​មួយចំនួន ទៅកាន់​ក្រុមការងារ ក្នុងនោះ សម្ដេច​ក៏បាន​សង្កត់ធ្ងន់​ថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ មិនត្រូវ​សន្ម​ត់​ថា បញ្ហា​ប្រជាពលរដ្ឋ ដែល​បានស្នើ ឬ​លើក​ឡើងមក​នោះ ជា​រឿង​តូចតាច​ឱ្យសោះ​។ សម្ដេច​បាន​ណែនាំ ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ ដែលមាន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​បញ្ហា​ណាមួយ សូម​ប្រមូល និង​តាមដាន​បញ្ហា​ទាំងនោះ​ឱ្យ​ជាប់ ហើយ​អាច​ចុះទៅពិនិត្យ​បញ្ហា​នោះ ដោយផ្ទាល់ ដើម្បី​ជំរុញ​ការដោះស្រាយ​មាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ត្រូវបាន​បង្កើតឡើង ក្រុមការងារ​តាមដាន​ដោះស្រាយ​សំណើ សំណូមពរ មតិយោបល់​របស់​មហា​ជន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ បាន​បង្ហោះ​ផ្សាយ​ផ្ទាល់ សកម្មភាព​ការងារ សម្ដេច​ក្រឡាហោម និង​បង្ហោះ​ផ្សាយ​អត្ថបទ រូបភាព និង​វីដេអូ ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់ សម្ដេច​ក្រឡាហោម និង​ក្រសួងមហាផ្ទៃ និង​បាន​ដកស្រង់​សំណើ សំណូមពរ និង​មតិយោបល់ របស់​មហាជន គោរព​ជូន សម្តេច​ក្រឡាហោម ជ្រាប និង​ពិនិត្យ​សុំ​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ បាន​ចំនួន ២.០៥៦ គណនី​៕/V​