ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង ប្រធានមន្ទីរបរិស្ថានខេត្ត បានប្រគល់ រថយន្តដឹកសំរាម ចំនួន ៣ គ្រឿង ជូនដល់រដ្ឋបាលក្រុងកំពង់ឆ្នាំង រដ្ឋបាលស្រុករលាប្អៀរ និងរដ្ឋបាលស្រុកកំពង់ត្រឡាច ដែលជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
រថយន្តដឹកសំរាមទាំងនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងមូលដ្ឋាន បានកាន់តែល្អប្រសើរ និងធានានិរន្តរភាព ព្រមទាំងភាពជា ម្ចាស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដើម្បីបរិស្ថានល្អ ។
ក្រោយពីបានប្រគល់រថយន្តដឹកសម្រាមរួចមក លោកអភិបាលខេត្តកំពង់ឆ្នាំង បានបន្តអញ្ជើញទៅពិនិត្យមើល កូនដើមឈើ ប្រភេទដើមក្ងោក និងដើមម៉ៃសាក់ ដែលជាអំណោយរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ដល់ជូនរដ្ឋបាលខេត្ត សម្រាប់ដាំលម្អ នៅតាមដងផ្លូវ និងទីសាធារណៈក្នុងក្រុង និងតាមបណ្តាស្រុក។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឲ្យរៀបចំផែនការដាំកូនដើមឈើទាំងនេះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនឲ្យកាន់តែស្រស់បំព្រង និងមានបរិស្ថានល្អបន្ដែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងកាត់ទៅមកបានកម្សាន្តផងដែរ ៕/V