ដោយៈមុនីរ័ត្ន/​ភ្នំពេញ​៖​មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសនិងជាអ្នកនាំពាក្យសម្រាប់​សម្រាប់​កិច្ចប្រជុ​រដ្ឋមន្ត្រី ការបរទេស​អាស៊ាន​លើកទី៥៥បានបញ្ជាក់ថា គោលជំហរ​របស់​អាស៊ាន​មិន​ប្រែប្រួល​ឡើយ​គឺ​មិន​យក​ប្រទេស​ដៃគូ​និង​មហាអំណាច​ណា​ដៃគូ​តែមួយ​ឡើយ​។​អាស៊ាន​មាន​ម​ជ្ឈ​ភាព និង​ឯករាជ្យ​របស់ខ្លួន ក្នុងការ​ដាក់ចេញ​គោលជំហរ និង​បទដ្ឋាន​ដើម្បី​ស្របតាមអាទិភាព​របស់​អាស៊ាន​។​ប្រទេស​ដៃ​គូនានា​ឬ​មហាអំណាច​នឹងមិន​យក​វេទិកា​ឬ​កិច្ចប្រជុំ​នាពេលខាងមុខ​ជាការ​ប​ន្ទុច​បង្អាប់​នោះទេ​។

លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អ្នកនាំពាក្យ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាន(រូបថតក្រសួងការបរទេស)

លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អ្នកនាំពាក្យ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននា​រសៀល​ថ្ងៃទី​១ ខែសីហា នៅ​សណ្ឋាគារ​សុខា​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែសីហាខាងមុខនេះ នឹង​ផ្តោតលើ​មូលបទ​ធំ​របស់​កម្ពុជា​។ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​ការដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា រួមមាន ៖ នយោបាយ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម​។​ជាពិសេស​ការកសាង​អាស៊ាន​ក្លាយ​ជា​សហគមន៍​មួយ​ផ្តល់​
​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​។ ក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ានមាន​ចំណុច​អាទិភាព​ដែល​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​លើ​មក​ពិភាក្សា​ពាក់ព័ន្ធ​ការអនុវត្ត​របស់​កម្ពុ​ជា​ដូចជា កាលានុវត្តភាព និង​ការត្រៀម​កិច្ចប្រជុំ​កំពូល​សម្រាប់​ចុងឆ្នាំ​ទាំង​ផ្នែក​សន្តិសុខ ការធានា​សន្តិភាព​ក្នុង​តំបន់ និង​ការ​ងើបឡើង​ពី​វិបត្តិ​កូ​វីដ​១៩ ដើម្បី​ឲ្យ​អាស៊ាន​អនុវត្ត​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា គោលជំហរ​របស់​អាស៊ាន​មិន​ប្រែប្រួល​ឡើយ គឺ​មិន​យក​ប្រទេស​ដៃគូ និង​មហាអំណាច​ណា​ដៃគូ​តែមួយ​ឡើយ​។ អាស៊ាន​មាន​ម​ជ្ឈ​ភាព និង​ឯករាជ្យ​របស់ខ្លួន ក្នុងការ​ដាក់ចេញគោល ជំហរ និង​បទដ្ឋាន ដើម្បី​ស្របតាម​អាទិភាព​របស់​អាស៊ាន​។ ប្រទេស​ដៃ​គូនានា ឬ​មហាអំណាច នឹងមិន​យក​វេទិកា ឬ​កិច្ចប្រជុំ​នាពេលខាងមុខ​ជាការ​ប​ន្ទុ​ច​បង្អាប់​នោះទេ​ហើយ​សង្ឃឹមថា ប្រទេស​ដៃគូ​នឹង​ប្រើប្រាស់​កិច្ចប្រជុំ​ជា​ទម្រង់​ផ្តល់​លទ្ធភាព​ឲ្យ​ទាំងអស់គ្នា រួមគ្នា ដោះស្រាយ​ស្រាយ​បញ្ហា ដាក់ចេញ​គោលនយោបាយ ឬ​ជំហាន​ដើម្បី​បន្ថយ​ភាព​តានតឹង ដើម្បី​ប្រជាជាតិ​រីកចម្រើន​។​

​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានលើក ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ចាប់ពីថ្ងៃ​ទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ៥ ខែសីហា នៅ​រាជធានី​ភ្នំពេញ​។

​ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ន​ព្រះរាជា ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក ទី​៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ។សម្តេចតេជោនឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​រួមគ្នា ដោយ​រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន​។

គួរបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធរួមមាន ៖
– កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​
– ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី​៥៥
– សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន​
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​បូក​បី លើក​ទី​២៣
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសនៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១២
– កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩
ស្របពេល​ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ នេះដែរ រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ការចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាពនិង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ព្រះរាជាណាចក្រ​ដា​ណឺ​ម៉ាក​, សាធារណរដ្ឋ​ក្រិ​ក​, ព្រះរាជាណាចក្រ​ហូ​ឡង់​, ប្រទេស​អូ​ម៉​ង់​, រដ្ឋ​កាតា និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់​។ រដ្ឋមន្ត្រីការបរទេស​និង​អគ្គលេខាធិការ​អាស៊ាន​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អាស៊ាន​ឆ្នាំ​២០២១ ផងដែរ​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​លើក​ទី​៥៥ នេះដែរនឹងមាន​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា រវាង​កម្ពុជា​និង​លេខាធិការដ្ឋាន​អាស៊ាន ជាមួយនឹង​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​ចំនួន​បី រួមមាន ប្រទេស​ន័​រវេ​ស ប្រទេស​តួ​ក​គី និង​ប្រទេស​ស្វី​ស​។​

ក្រៅពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​ប្រទេស​ទាំង​ប្រាំមួយ ដែល​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេស​ចំនួន​បួន​ផ្សេងទៀត នឹង​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ រួមមាន ​ប្រទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ, ម៉ា​រ៉ុ​ក ,ទី​ម័​រ​ខាងកើត និង​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​តាមកម្មវិធីក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ AMM លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជានឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយនឹង​សម​ភាគី​បរទេស​របស់​លោក៕ សរន