ដោយៈភ្នំសន្ទុក/កំពង់ធំ៖ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ឃុំ បន្តចុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ប្រភពខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថា នៅថ្ងៃទី១ខែសីហានេះនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពីមាត់ព្រែកខ្វែងក្របី ដល់រាំងជ្រុំ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ។ជាលទ្ធផលអនុវត្តបានចំនួនមួយករណីដោយ បានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងនូវ របាំងសាច់អួនក្រឡាញឹកចំនួនមួយរបាំងប្រវែង ៣០០ម៉ែត្រ របាំងស្បៃមុងចំនួន ១៥របាំងប្រវែង ៧៥០ម៉ែត្រ ឡុកចំនួន ៣២គ្រឿង លប/លូចំនួន ៣០មាត់ បង្គោលចំនួន ៧០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៣០ គីឡូក្រាមចូលទឹកវិញ ។
ដោយឡែកក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើង នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លោក វីរសេនីយ៍ត្រីម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផលនៅចំណុចទំនាបស្វាលាប់ ស្ថិតក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ជាលទ្ធផលអនុវត្តបានមួយករណី ដោយបានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទរបាំងសាច់អួននៅនឹងកន្លែងនូវ របាំងសាច់ស្បៃមុងចំនួនពីររបាំង ប្រវែង៤០០ម៉ែត្រ លូសាច់ស្បៃមុងចំនួនប្រាំបីមាត់ ឡុកសាច់ស្បៃមុងចំនួន បួនគ្រឿង បង្គោលឈើចំនួន ២៥០ដើម ចាក់លែងត្រីចូលបឹងធម្មជាតិវិញទម្ងន់ ១៥គីឡូក្រាម ៕សរន