ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី អាចទៅដល់កោះតៃវ៉ាន់នៅថ្ងៃ០២សីហាស្អែក និងជួបមេដឹកនាំកោះនេះលោកស្រី សាយ អ៊ីង-វិន(Tsai Ing-wen)នៅថ្ងៃបន្ទាប់ នេះបើតាមកាសែតChina Timesបានរាយការណ៍ដោយយោងតាមប្រភពការទូតកាលពីថ្ងៃចន្ទទី០១សីហា ។
កាសែតតៃវ៉ាន់យ៉ាងតិចចំនួនពីរក៏បានអះអាងអំពីដំណើរទស្សនកិច្ចរបស់ផេឡូស៊ីនៅទីក្រុងតៃប៉ិនៅយប់ថ្ងៃអង្គារ។
កាសែតបានបន្តទៀតថា មន្ត្រីអាម៉េរិករូបនេះក៏ត្រូវរំពឹងថានឹងជួបប្រជុំជាមួយមន្ត្រីថ្នាក់ខ្ពស់ផ្សេងទៀតនៅតៃវ៉ាន់ ហើយនឹងចាកចេញពីកោះដែលចិនអះអាងថាជារបស់ខ្លួននេះនៅថ្ងៃពុធ។
ទោះជាយ៉ាងណា ក្រសួងការបរទេសតៃវ៉ាន់មិនបានបញ្ជាក់អំពីផែនការទស្សនកិច្ចនេះទេ ។
លោកស្រីផេឡូស៊ី បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានការទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ជប៉ុននិងកូរ៉េខាងត្បូង។លោកស្រីមិនបានបញ្ជាក់ថានឹងទៅកាន់កោះតៃវ៉ាន់ដែរឬអត់ទេ ចំពេលអាម៉េរិកនិងចិនត្រៀមកម្លាំងយោធានិងព្រមានគ្នា។ចិនបាននិយាយថា ដំណើររបស់មន្ត្រីជាន់ខ្ពស់របស់អាម៉េរិកទៅកាន់កោះតៃវ៉ាន់ជាការបង្ករឿងដោយវារំលោភ«គោលការណ៍ចិនមួយ»ហើយអាម៉េរិកនឹងទទួលផលវិបាកអវិជ្ជមានទាំងអស់ចេញពីទង្វើបែបនេះ។
នៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទទី០១សីហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីជៀន បានបញ្ជាក់អះអាងឡើងវិញការព្រមានពីមុនដែលថា «នឹងមានផលវិបាកធ្ងន់ធ្ងរបើសិនជាផេឡូស៊ីនៅតែចចេសទៅទស្សនកិច្ចតៃវ៉ាន់»។
លោកបាននិយាយដូច្នេះថា«យើងត្រៀមខ្លួនពេញលេញអស់ហើយសំរាប់យថាភាពណាមួយ។កងទ័ពរំដោះប្រជាជន(ចិន)នឹងមិនអង្គុយនៅស្ងៀមទេ។ចិននឹងចាត់វិធានការដាច់ខាតនិងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន»។
សូមបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិនបានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃសៅរ៍មក ។មានសេចក្តីរាយការណ៍ពីតៃវ៉ាន់មកថា យន្តហោះប្រយុទ្ធចិនធុន J-16ចំនួនបួនគ្រឿងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃចន្ទ។
ក្នុងពេលជាមួយគ្នាសារព័ត៌មានជប៉ុនNikkei Asiaបាននិយាយថា យោធាអាម៉េរិកបានបញ្ជូននាវាដឹកយន្តហោះនិងយន្តហោះក្នុងចំនួនដ៏ច្រើនទៅកៀកនឹងកោះតៃវ៉ាន់ ចំពេលលោកស្រីផេឡូស៊ីធ្វើទស្សនកិច្ចអាស៊ី និងអាចកោះតៃវ៉ាន់ផង។
ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចអាស៊ីកាលពីថ្ងៃចន្ទ ប្រធានសភាអាម៉េរិកបានជួបពិភាក្សាជាមួយមន្ត្រីសិង្ហបុរី រួមមាននាយករដ្ឋមន្ត្រី លី សៀនឡុង ប្រធានាធិបតី ហាលីម៉ា យ៉ាកុប(Halimah Yacob)និងសមាជិកគណៈរដ្ឋមន្ត្រីសិង្ហបុរីដទៃទៀត។
លោកលីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់អាម៉េរិកក្នុងការចូលរួមពាក់ព័ន្ធដ៏រឹងមាំជាមួយតំបន់ និងភាគីទាំងពីរបានពិភាក្សារកវិធីពង្រឹងការចូលរួមផ្នែកសេដ្ឋកិច្ចអាម៉េរិកតាមរយៈគំនិតផ្តួចផ្តើមដូចជាអង្គការក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក(Indo-Pacific Economic Framework)។
លោកលីនិងលោកស្រីផេឡូស៊ី ក៏បានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់និងចិនដីគោក ព្រមទាំងការប្រែប្រួលអាកាសធាតុ៕