ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារលិខិត​ជូន លោក ហ្វី​ឌី​ណាន់ រ៉ូ​ម៉ូ​ល​ដេ​ស ម៉ា​កូ​ស ប្រធានាធិបតី ហ្វីលីពីន​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក ហ្វី​ដែល វ៉ាល​ដេ​ស រ៉ា​ម៉ូ​ស អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។​

លោក ហ្វី​ដែល វ៉ាល​ដេស រ៉ា​ម៉ូ​ស អតីត​ប្រធានាធិបតី​ហ្វីលីពីន​(រូបថតឯកសារ)

​ក្នុង​សារ​រំលែក​ទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល ប្រជាជន​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​ការរំលែក​ទុក្ខ និង​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ឯកឧត្តម​និង​តាមរយៈ ឯកឧត្តម ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ហ្វីលីពីន ជាពិសេស​ក្រុមគ្រួសារ​សព​ក្នុង​គ្រា​ដ៏​សែន​សោកសង្រេង នេះ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា នេះ​គឺជា​ការបាត់បង់​ធំធេង​នូវ​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយរូប​របស់ ហ្វីលីពីន និង​មិត្ត​ដ៏​ល្អ​ម្នាក់​របស់​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​សមាជិកភាព​របស់​កម្ពុជា​នៅក្នុង​អាស៊ាន​។​

​សារលិខិត​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា «​ឯកឧត្តម ហ្វី​ដែល វ៉ាល​ដេ​ស រ៉ា​ម៉ូ​ស ដែល​បាន​លះបង់​ពេញ​មួយជីវិត ដើម្បី​បុព្វហេតុ​សន្តិភាព ការអភិវឌ្ឍ​និង​វិបុលភាព​របស់​ហ្វីលីពីន និង​តំបន់ នឹងត្រូវ​បាន​ចងចាំ​ជា​រដ្ឋបុរស​ដ៏​អស្ចារ្យ​មួយរូប​ជានិច្ច​»​។​

​សូមបញ្ជាក់ថា ហ្វី​ដែល រ៉ា​ម៉ូ​ស​( Fidel Ramos)​អតីត​ប្រធានាធិបតី​ហ្វីលីពីន​បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៩៤​ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា​។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុ​និង​ទូរទស្សន៍​ក្នុងស្រុក​របស់​ហ្វីលីពីន​៕​សរន​