ឆ្នាំជូត
រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះប្រែប្រួលមកធ្លាក់ចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាមានតែការខាតបង់ច្រើនជាងការទទួលផល។អ្នកប្រកបការងារវិញពុំមានការជឿនលឿនអ្វីច្រើនទេ ហើយបើជាការបំពេញការងារធំផងច្រើនភ្លាំងភ្លាត់និងមានរឿងរាវច្រើនថែមទៀត។ការប្រកបជំនួញវិញ មានតែក្រុមមនុស្សចាំច្រណែនឈ្នានីស ឬចាំមើលតែលោកអ្នកខុសដើម្បីសង្កត់កបន្ថែមប៉ុណ្ណោះ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហេតុនេះត្រូវចេះផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាឱ្យកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូងចម្រាសកើតមានឡើង។ថ្ងៃនេះការប្រកបការងារទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនង ការបណ្តាក់ទុន ចរចា ការធ្វើកិច្ចសន្យា ឬការធ្វើបទសំភាសន៍ផ្សេងៗផង។ការប្រកបការងារមានសភាពរលូនល្អ ហើយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពេលនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរឬបើករបរថ្មីក៏អាចធ្វើបានតែត្រូវប្រយ័ត្នប្រយែងបន្តិចពីព្រោះក្នុងរយះពេលវែងពុំសូវល្អទេគឺអាចនឹងជួបឧបសគ្គច្រើន។
សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបានទៅនឹងព្រះអាទិត្យនឹងសត្វលោកដែលមិនអាចខ្វះបាន ហើយបើលោកអ្នកចេះថែរក្សាចំណងនេះគឺគ្មានអ្វីបំបែកបំបាក់បានឡើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះការរស់នៅមានភាពសុខដុម ហើយចង់ជជែកពិភាក្សាដោះស្រាយអ្វីមួយក៏តែងសម្រេចជោគជ័យលឿនដែរ ។សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការពេញចិត្តពេញថ្លើមពីចៅហ្វាយនាយឬពីបណ្តាមិត្តភក្តិផង។អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញ ជាក់ជាពុំខាន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហៃមល្អប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយផលលំបាកក៏មានចំពោះមុខ ដូចនេះទាល់តែខិតខំពុះពារបន្តិចទើបប្រសើរ។លោកអ្នកត្រូវតែចងចាំពាក្យចាស់ថាបញ្ហាឧបសគ្គជាមេរៀន ហើយសតិបញ្ញានោះជាអាវុធក្នុងការស្រាយបញ្ហា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកតោងតែមានការចេះទំនាក់ទំនងជាមួយអតិថិជនឱ្យបានល្អព្រោះថាអាចផ្តល់ផលប្រយោជន៍យ៉ាងប្រពៃ នាពេលក្រោយជាក់ជាពុំខាន។
រីឯសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នចិត្តរឹងមានះព្រោះតែការចង់ឈ្នះគ្នាកើតជារឿងជម្លោះវិវាទឡើង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះការរស់នៅអ្វីលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺថែទាំសុខភាពចាស់ក្មេងពីព្រោះងាយកើតបញ្ហាជាងសព្វមួយដង។ការប្រកបការងាររបស់លោកអ្នកនៅថ្ងៃនេះឃើញថាតោងតែចេះមើលមុខក្រោយប្រយ័ត្នត្រូវគេទម្លាក់កំហុសហើយគេបែរជាទទួលផលប្រយោជន៍ទៅវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមួយរយះពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិច ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងសៅហ្មងនិងសោះកក្រោះច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុមនិងចង់ធ្វើអ្វីក៏តែងហុចជាលទ្ធផលឱ្យឃើញមិនតិចក៏ច្រើនផងដែរ។នៅថ្ងៃនេះអាចមានដំណឹងល្អឱ្យលោកអ្នកសប្បាយចិត្តនិងការប្រកបការងារអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ផ្លាស់ប្តូរមុខរបរឬចេញធ្វើជំនួញអ្វីមួយក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការរស់នៅអំឡុងពេលនេះលោកអ្នកគប្បីយកភាពឧស្សាហ៍ដាក់ខ្លួនបន្តិចពីព្រោះថាលាភមួយចំនួនអាចរត់ចូលដោយមិនដឹងខ្លួនផង។នៅថ្ងៃនេះបើទោះបីកិច្ចការងារនានាជួបការលំបាកក្តី តែបើលោកអ្នកប្រឹងប្រែងពុះពារតែងសម្រេចមួយចំនួនគួរជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះរឿងរាវមិនល្អដែលធ្លាប់កើតមាននឹងបានប្រែមកធូរស្បើយ ហើយភាពប្រទាំងប្រទើសក្នុងដំណើរជីវិតក៏បានស្ងប់សុខវិញខ្លះផង។សម្រាប់កិច្ចការងារវិញបើទោះបីមានការរាំងស្ទះនិងកើតបញ្ហាខ្លះក្តីប៉ុន្តែលោកអ្នកបើមានការប្រឹងប្រែងដោះស្រាយក៏តែងអាចឆ្លងកាត់បានយ៉ាងងាយផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមុននឹងចង់ចំណាយទុនធ្វើអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់ហើយមកសោកស្តាយនៅពេលក្រោយ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកទាំងអារម្មណ៍និងការសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។សម្រាប់ការប្រកបការងារនៅថ្ងៃនេះដែរ បើមានការចរចារឿងសំខាន់ក៏តែងងាយកើតភ្លាំងភ្លាត់ណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រសើរជាងមុនហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អៗមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកចូរ ប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយឡើង។ការរស់នៅលោកអ្នកទទួលរងការហត់នឿយនិងទទួលផលលំបាកច្រើនបន្តិច ម្ល៉ោះហើយគប្បីចេះតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក ចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។ក្រៅពីនេះលោកអ្នកអាចប្រកបកិច្ចការងារអ្វីមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។បើមានកិច្ចការមកដល់លោកអ្នកគប្បីព្យាយាមពុះពារនោះនឹងអាចជោគជ័យដូចគាប់បំណងពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងមួហ្មងច្រើនដោយសារម្នាក់ៗប្រកាន់នូវចិត្តខ្លាំងរៀងៗខ្លួន៕