ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាលោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ជម្រុញឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបន្តការប្តេជ្ញាចិត្តឲ្យបានខ្ពស់ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺដើម្បីទទួលបានឱកាសរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របពេលដែលប្រភេទកីឡាបាញ់កាំភ្លើង ស្ថិតក្នុងបញ្ជីបម្រុងនៅឡើយ។ លោកថ្លែងបែបនេះនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២-២០២៦ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្មីៗនេះ។
លោកនាយឧត្តមសេនីយ៍បានលើកបង្ហាញយុទ្ធសាស្ដ្រចម្បងៗមួយចំនួនដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធត្រូវរួមគ្នាគ្នាសម្រេចឲ្យបាននូគោលដៅដើម្បីស្វែងរកឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្រោយកម្ពុជាទន្ទឹងរង់ចាំអស់
រយៈពេល ៦៤ឆ្នាំ។
ប្រភេទកីឡាបាញ់កាំភ្លើងស្ថិតក្នុងបញ្ជីកីឡាបម្រុងនៅឡើយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តនូវកីឡា ៣៩ប្រភេទ សម្រាប់ស៊ីហ្គេមនៅកម្ពុជា កាលពីអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២មកនេះ។ ក្នុងអាណត្តិថ្មីនេះ គណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវធ្វើកិច្ចការជាច្រើន ដោយត្រូវលះបង់ពេលវេលា ធនធាន ឆន្ទៈ និងស្មារតីក្នុងគោលដៅជំរុញឲ្យការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។
ជាមួយគ្នានោះលោកក៏បានលើកបង្ហាញផែនការយុទ្ធសាស្ដ្រចម្បងៗដើម្បីសម្រេចឲ្យខានតែបាន មុនពេល ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ចូលមកដល់ ដូចជា ត្រូវសម្រេចឲ្យបាននូវការរៀបចំទីតាំង ឬទីលានប្រកួតសម្រាប់ឆ្នាំ២០២៣។ រៀបចំក្រុមមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម សម្រាប់ឆ្នាំ២០២៣ និងធានាឲ្យបាននូវការដណ្ដើមមេដាយ ពោលគឺមិនមែនរៀបចំស៊ីហ្គេម ហើយឲ្យមេដាយគេនោះទេ។
លោក មៀច សុផាន់ណា បានជម្រុញឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវពួតដៃគ្នាដោះស្រាយ និងស្វែងរកគ្រប់មធ្យោបាយនានា ដើម្បីបង្ហាញដល់គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការស្វែងរកការគាំទ្រ និងផ្ដល់លទ្ធភាពដល់កីឡាបាញ់កាំភ្លើង នៃគោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្ដិថ្មីនេះ គឺមានចំនួន ១៩រូប ដោយលោក មៀច សុផាន់ណា ទទួលបានការគាំទ្របន្ដធ្វើជាប្រធាន អមដោយអនុប្រធាន ៦រូប គឺមានលោក ចាប ភក្ដី, លោក វ៉ាត់ ចំរើន, លោក សោម ចន្ទឌីណា, លោក តាន់ សុខវិជ្ជា, លោក ទៀ ណារ៉ាវុធ និងលោក ស៊ី មិញចាវ លោក កែវ ហុកលី ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៦រូប។ ចំពោះលោក ខៃ វណ្ណៈ ត្រូវបានគាំទ្រធ្វើជាអគ្គហិរញ្ញឹក រួមជាមួយអគ្គហិរញ្ញឹករង ២រូប និងសមាជិក ២រូបទៀត៕