​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​រដ្ឋ​អូ​រី​ហ្គឹ​ន (Oregon)​សហរដ្ឋ​អាម៉េរិក​កំពុង​ស៊ើបអង្កេត​ការស្លាប់​បន្ថែម​ចំនួន​បួន​នាក់​ទៀត​ដែល​សង្ស័យ​ទាក់ទង​នឹង​រលក​កម្តៅ​ដ៏​ក្តៅគគុក​​កាលពី​សប្តាហ៍​មុន ដែល​នាំ​ឱ្យ​ចំនួន​ស្លាប់​សង្ស័យ​ពី​ការឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្ពស់​ពេក កើន​ដល់ ១៤ នាក់​។​

​ការិយាល័យ​ពិនិត្យ​សុខភាព​រដ្ឋ​អូ​រី​ហ្គឹ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​សីហា​ថា ការកំណត់​អត្តសញ្ញាណ​នៃ​ការស្លាប់​ទាក់ទង​នឹង​កម្តៅ​គឺ​ស្ថិត​ក្នុង​ជំហាន​បឋម ហើយ​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​បន្ថែម​។​

​តំបន់​ម៉ុលណូម៉ា​ខោ​នធី (Multnomah County) ស្ថិត​ក្នុង​ទីក្រុង​ផ​តលែ​ន (Portland) បាន​កត់ត្រា​ការស្លាប់​ចំនួន​ប្រាំ​ពីរ​នាក់​សង្ស័យ​ទាក់ទង​នឹង​កម្តៅ​ដែល​ជា​ចំនួន​ស្លាប់​ខ្ពស់​បំផុត​នៃ​តំបន់​​នានា​ក្នុង​រដ្ឋ​អូ​រី​ហ្គឹ​ន​។​

​ទីក្រុង​ផ​តលែ​ន​និង​ទីក្រុង​ស៊ី​អាថ​ល (Seattle) បាន​បង្កើត​កំណត់ត្រា​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា​សម្រាប់​ថ្ងៃ​ក្តៅ​បំផុ​តជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​។​

​នៅ​ទីក្រុង​ផ​តលែ​ន សីតុណ្ហភាព​កាលពី​ថ្ងៃអាទិត្យ​បាន​កើនឡើង​លើស​ពី ៣៥ អង្សា​សេ សម្រាប់​ថ្ងៃទី​ប្រាំពីរ​ជាប់ៗ​គ្នា ដែល​ជា​កំណត់ត្រា​សីតុណ្ហភាព​ខ្ពស់បំផុត​សម្រាប់​ទីក្រុង​នេះ​ដែល​ក្តៅ​ដល់​កម្រិត​នេះ​ជា​​ច្រើន​ថ្ងៃ​។ នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ស៊ី​អាថ​ល សីតុណ្ហភាព​បាន​កើនឡើង​ដល់ ៣២,៨ អង្សា​សេ​នៅ​ពេល​រសៀល ដោយ​កត់ត្រា​សីតុណ្ហភាព​លើសពី ៣២,២ អង្សា​សេ​រយៈពេល​ប្រាំមួយ​ថ្ងៃ​ជាប់​គ្នា​។​

​សីតុណ្ហភាព​ខ្ទង់​៣៥​អង្សា​សេ​ស្ទើរតែ​ពេញ​មួយ​សប្តាហ៍​មុន​នៅក្នុង​តំបន់​ទីក្រុង​ផ​តលែ​ន​បាន​ជំរុញ​ឱ្យ​មន្ត្រី​បើក​ជម្រក​សង្គ្រោះ​បន្ទាន់ពេល​យប់​និង​ស្ថានីយ​ដែល​បំពាក់​ម៉ាស៊ីនត្រជាក់​។​

​សេវា​អាកាសធាតុ​ជាតិ​បាន​ចេញ​ការព្រមាន​អំពី​កម្តៅ​ខ្លាំង​សម្រាប់​ទាំង​តំបន់​ទីក្រុង​ផ​តលែ​ន​និង​ស៊ី​អាថ​ល ដែល​អូសបន្លាយ​ពេល​រហូតដល់​យប់​ថ្ងៃអាទិត្យ​។ សីតុណ្ហភាព​បាន​ចាប់ផ្តើម​ចុះ​ត្រជាក់​វិញ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ខ្យល់​ត្រជាក់​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​បក់​ចូល​៕

​ប្រជាជន​នៅ​ទីក្រុង​ផ​តលែ​ន​កំពុង​លេង​ទឹក​ដើម្បី​ឱ្យ​ត្រជាក់​ខ្លួន ខណៈ​សីតុណ្ហភាព​ឡើង​ហួស​៣៥​អង្សា​សេ ៧ ថ្ងៃ​ជាប់​គ្នា