ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាហុកគី ត្រូវបានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍សម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធហុកគីកម្ពុជាបានជម្រាបជូនអំពីទិដ្ឋភាពនានា ការត្រៀមខ្លួន និងការកំណត់សន្ទស្សន៍មេដាយ ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាមជាម្ចាស់ផ្ទះ។
ក្រុមហុកគីនារីកម្ពុជា នឹងចេញទៅប្រកួតជើងឯកនារីអាស៊ីក្នុងសាល (Women’s Indoor Asia Cup 2022) គឺលើវិញ្ញាសាហុកគីក្នុងសាល (Indoor Hockey) នៅប្រទេសថៃដែលគ្រោងប្រកួតពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
លោកអគ្គលេខាធិការបាននិយាយថាការចូលរួមព្រឹត្តិការណ៍ខាងលើនេះ ការប្រកួត Asia Cup នៅប្រទេសថៃ គឺមានសារសំខាន់ណាស់។ វាក៏ជាកត្តាជម្រុញឲ្យហុកគីកម្ពុជា បានត្រៀមខ្លួនត្រៀមលក្ខណៈការធ្វើតេស្តអំពីសមត្ថភាពរបស់ខ្លួនសម្រាប់ការត្រៀមខ្លួនចូលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសយើងធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក៏មានកីឡាហុកគី យើងផង។បើសិនជាយើងមិនមានការចេញទៅប្រកួតក្រៅប្រទេស យើងមិនដឹងពីសមត្ថភាពរបស់យើងកម្រិតណាទេ។ អគ្គលេខាធិការដដែលរូបនេះ បានបន្ថែម។
កាលពីខែមិថុនាកន្លងទៅ ទើបតែបានបញ្ចប់ការប្រកួតជម្រុះព្រឹត្តិការណ៍កីឡាអាស៊ី (Women’s Asian Games Qualifier) វិញ្ញាសាក្រៅសាល (Field Hockey) នៅប្រទេសឥណ្ឌូនេស៊ី ដោយប្រកួតតតាំងជាមួយប្រទេសខ្លាំងដូចជា ហុងកុង, អ៊ូសបេគីស្ថាន, ស្រីលង្កា, សិង្ហបុរី និងឥណ្ឌូនេស៊ី ជាលទ្ធផលបានរងបរាជ័យទាំង ៥ប្រកួត ជាមួយលទ្ធផល៖ ហុងកុងឈ្នះកម្ពុជា ៥ទល់០, ស្រីលង្កាឈ្នះកម្ពុជា ៥ទល់០, សិង្ហបុរីឈ្នះកម្ពុជា ១០ទល់០, កម្ពុជាចាញ់អ៊ូបេគីស្ថាន០ទល់៨, កម្ពុជាចាញ់ឥណ្ឌូនេស៊ី ០ទល់៤ ។
សម្រាប់ពេលខាងមុខអគ្គលេខាធិការរូបនេះបានបញ្ជាក់ថាសហព័ន្ធត្រៀមស្នើសុំគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព។
បន្ទាប់ពីបញ្ចប់ការប្រកួតនៅសហព័ន្ធ មានផែនការថាស្នើសុំការជួយជ្រោមជ្រែងពី CAMSOC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងប្រទេសដែលជាសមាជិកកីឡាហុកគី សុំទៅហ្វឹកហាត់ឬជាការផ្ដល់ជាសម្ភារជាមធ្យោបាយឬការបណ្ដុះបណ្ដាលដល់មន្ត្រីរៀបចំការប្រកួត ឬក៏ទៅប្រកួតមិត្តភាពផ្សេងៗនៅបណ្ដាប្រទេសផ្សេងៗដែលខ្លាំងខាងកីឡាហុកគី ដូចជានៅឥណ្ឌា ប៉ាគីស្ថាន ឬក៏បើមានឱកាសនៅអឺរ៉ុប ព្រោះកីឡាគេនៅទីនោះ គឺខ្លាំង។ ដោយឡែកនៅតំបន់អាស៊ានរបស់យើងនេះវិញគឺមានថៃចាំតែផ្ដល់ឱកាសឲ្យយើងទៅហ្វឹកហាត់ទេ គេផ្ដល់ទីតាំងហ្វឹកហាត់ជាដើមហើយយើងក៏បានដាក់មុខសញ្ញាថាទៅកាន់ទីនោះដែរ។
នៅស៊ីហ្គេម ឆ្នាំ២០២៣ ហុកគី នឹងមានវិញ្ញាសាចំនួន២ ត្រូវដាក់ឲ្យប្រកួត គឺវិញ្ញាសានារីក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey) ស្របពេលដែលវិញ្ញាសាបុរស ពុំត្រូវបានដាក់បញ្ចូលឡើយ។
លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ថា សហព័ន្ធមានចេតនាចង់ឈ្នះមេដាយមាស ឲ្យបាន ១គ្រឿង ក្នុងចំណោម២វិញ្ញាសាខាងលើ។ ជុំវិញសន្ទស្សន៍មេដាយសហព័ន្ធកំណត់ហើយថាយ៉ាងហោចក៏យើងមានឱកាសទៅរកមេដាយណាមួយ ក្នុងចំណោមមេដាយទាំង ៣ប្រភេទ (មាស ប្រាក់ សំរឹទ្ធ)។
ហុកគី ធ្លាប់ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន ២លើក រួចមកហើយ ពោលគឺក្នុងស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី មាន ៣វិញ្ញាសា (ក្នុងសាល ក្រៅសាល និងលើទឹកកក) ខណៈលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មាន ២វិញ្ញសា (ក្នុងសាល និងលើទឹកកក)។ ចំពោះកម្ពុជា ចូលរួមលើកដំបូង នៅឆ្នាំ២០១៩ លើវិញ្ញាសានារីក្នុងសាល ក្នុងចំណោម ៥ប្រទេស ប្រកួតបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត មិនដែលឈ្នះ ស្មើ១ និងចាញ់៣៕