ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ប្រទេសកម្ពុជា ដណ្តើមមេដាយ ៥ គ្រឿងហើយ លើ ៣ ប្រភេទកីឡា ដោយគិតត្រឹមថ្ងៃទី១ សីហា ។
លោក មាស សារ៉េត មន្ត្រីទទួលបន្ទុកព័ត៌មានបានប្រាប់ឲ្យដឹងពីប្រទេសថៃថាៈ កម្ពុជាដណ្តើមមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង លើ ២ ប្រភេទកីឡាហើយ គឺប្រភេទកីឡាការ៉ាតេ កីឡាការិនី ភួង សុផល មេដាយ ប្រាក់ ១គ្រឿង ប្រយុទ្ធលើប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម និងកីឡាករ ប៊ិន ម៉េងលី មេដាយ សំរឹទ្ធ ១គ្រឿង ប្រយុទ្ធលើប្រភេទទម្ងន់ ៨៤ គីឡូក្រាមឡើង។
ប្រភេទកីឡាគុនដាវ កម្ពុជាដណ្តើមមេដាយ ២គ្រឿង សម្រាប់វិញ្ញាសានារី ក្រុម៣នាក់រួមមាន កីឡាការិនី ឆាយ លីនលី កីឡាការិនី យី លីហ្សា និងកីឡាការិនី សន និច បានទទួលមេដាយប្រាក់ ១ លើវិញ្ញាសា ដាវធំ ( EPEE Teams ) និងវិញ្ញាសាដាវកាប់ (Saber Teams ) បានទទួលចំណាត់ថ្នាក់លេខ៣ មេដាយ សំរឹទ្ធ ។ ចំណែកអត្តពលកម្ម កីឡាករ យ៉ាន ចាន់ វិញ្ញាសាលោតកម្ពស់ទទួលបានមេដាយសំរឹទ្ធិ។
ការប្រកួតនេះ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានបញ្ជូន ៥ប្រភេទកីឡា រួមមាន កីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT មានគ្រូបង្វឹក ២រូប កីឡាករ ៣ រូប និងកីឡាការិនី ៣ រូប និងអាជ្ញាកណ្តាល ១ រូប សរុបចំនួន ៩ រូប កីឡាអត្តពលកម្ម គ្រូបង្វឹក ១ រូប កីឡាករ ២ រូប និងកីឡាការិនី១ រូប សរុបចំនួន ៤ រូប ការ៉ាតេ គ្រូបង្វឹក ១ រូប អាជ្ញាកណ្តាល ITOs ១ រូប កីឡាករ ៣ រូប កីឡការិនី ១ រូប សរុបចំនួន ៥ រូប និងកីឡាគុនដាវ គ្រូបង្វឹក ១ រូប អាជ្ញាកណ្តាល ១ រូប កីឡាការិនី ៣ រូប សរុបចំនួន ៥ រូប សរុបវិញ្ញាទាំងអស់ គឺ ៤៥ វិញ្ញាសា៕/V