ដោយៈសរិទ្ធ / ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវបាននគរបាល ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពបាញ់មេឃ ៣គ្រាប់ សង្ស័យស្រវឹង ព្រោះកំពុងមានការជួបជុំផឹកស៊ី ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចហាង kss Coffee ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11 ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង មានមុខរបរ ជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកង២ នៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង និង ដកហូតអាវុធខ្លីមួយដើម ម៉ាកប្រាហា បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និងសម្បកគ្រាប់ចំនួន២។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុក្នុងហាង kss coffee មានការជួបជុំផឹកស៊ី ហើយមានមនុស្សច្រើននាក់ទៀតផង ។ មួយសន្ទុះ ក្រោយមក គេឃើញបុរសម្នាក់ ដើរចេញពីហាងកន្លែងអង្គុយផឹក ហើយក៏បានដកកាំភ្លើង បាញ់ឡើងលើចំននួ ៣ គ្រាប់ ដោយមិនប៉ះពាល់ដល់មនុស្សណាទេ ហើយក៏បានផ្អើល ដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ ចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនបុរស ដែលបង្កការផ្ទុះអាវុធ ដើម្បីធ្វើការសួរនាំ និងចាត់ការ តាមនីតិវិធីច្បាប់ ៕/V