ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស បានហៅការប្រែប្រួលអាកាសធាតុថាជាវិបត្តិ “បន្ទាន់” និង “អាសន្ន” កាលពីថ្ងៃចន្ទទី១សីហាខណៈលោកស្រីបានរៀបរាប់លម្អិតអំពីការចំណាយសហព័ន្ធជាង១ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយដូចជាទឹកជំនន់ដ៏សាហាវនៅរដ្ឋខិនថាក់គីនិងភ្លើងឆេះព្រៃដែលកំពុងបំផ្លាញរដ្ឋកំណើតរបស់លោកស្រី គឺ រដ្ឋកាលីហ្វ័រញ៉ា។
ក្នុងដំណើរចុះទៅកាន់ទីក្រុងម៉ៃអាមី លោកហារីសបានប្រកាសឱ្យដាក់ប្រើប្រាស់ជំនួយជាបន្ទាន់សម្រាប់រដ្ឋនានាដើម្បីជួយសហគមន៍ទូទាំងប្រទេសត្រៀមខ្លួននិងឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។
ដោយធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ មុនពេលចេញសេចក្តីប្រកាសផ្តល់ជំនួយនេះ លោកហារីសបាននិយាយថាគ្រោះមហន្តរាយដូចជាទឹកជំនន់នៅរដ្ឋខិនថាក់គីនិងភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បង្ហាញឱ្យឃើញថា “តើវាមានភាពបន្ទាន់កម្រិតណា មានភាពចាំបាច់ឥឡូវកម្រិតណា និងមានភាពអាសន្នកម្រិតណា”ដើម្បីដោះស្រាយអាកាសធាតុធ្ងន់ធ្ងរដែលកំពុងជួបប្រទះនៅក្នុងសហរដ្ឋអាម៉េរិកនិងជុំវិញពិភពលោក។
លោកស្រីបាននិយាយនៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យអន្តរជាតិផ្លរីដា ថា “ការប្រែប្រួលអាកាសធាតុបានក្លាយទៅជាវិបត្តិអាកាសធាតុ ហើយការគំរាមកំហែងបានក្លាយជាការពិត”។
លោកស្រីហារីសបានលើកឡើងអំពីទឹកជំនន់ដ៏សាហាវដែលបានវាយប្រហាររដ្ឋនថាខិក់គីនិងរដ្ឋមីសសួរី (Missouri) ដោយ “បានបំផ្លាញសង្កាត់ទាំងមូលៗ”ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣៨ នាក់រួមទាំងកុមារផងដែរ។ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាដែលស្ថិតក្នុងចំណោមភ្លើងឆេះព្រៃជាច្រើនដែលគំរាមកំហែងដល់ផ្ទះរាប់ពាន់ខ្នងនៅភាគខាងលិចនៃសហរដ្ឋអាម៉េរិក។ អាកាសធាតុក្តៅនិងខ្យល់ខ្លាំងព្រមទាំងរន្ទះបាញ់បានគំរាមកំហែងបង្កើនគ្រោះថ្នាក់ដែលថា ភ្លើងនឹងបន្តកើនឡើង។
លោកស្រីបាននិយាយថា “ការបំផ្លិចបំផ្លាញគឺជាការពិត។ គ្រោះថ្នាក់គឺជាការពិត។ ផលប៉ះពាល់គឺជាការពិត។ ហើយយើងកំពុងឃើញវាទាន់ហេតុការណ៍ជាក់ស្តែង”៕
អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស