ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ពីជ្រលងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនឹងខ្យល់ មូសុងនិរតី បក់ក្នុងល្បឿនបង្គួរទៅខ្លាំង លើតំបន់មាត់សមុទ្រ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ បង្កជាជំនន់ទឹកភ្លៀង។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅអំឡុងថ្ងៃទី៦ ដល់៩ ខែសីហា បណ្តាខេត្ត និងរាជធានី នៅវាលទំនាប ភាគខាងត្បូង ភ្លៀងអាចធ្លាក់នៅក្នុងកម្រិត ពីតិចទៅមធ្យម ។
សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ។ នៅអំឡុងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា អាចមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ ធ្វើឲ្យផ្នែកមួយចំនួន នៅក្នុងភូមិសាស្ត្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕/V