ដោយៈ មីន សា​ណាស់​/​ភ្នំពេញ​៖ «​ខ្ញុំ​មិន​ចោល​កី​តម្បាញ​សូត្រ​ទេ ព្រោះនេះ​ជាការ​ងារ​ដែល​ខ្ញុំ​ស្រឡាញ់ ចូលចិត្ត​តាំងពី​អាយុ​១៣​ឆ្នាំ ហើយ​វា​ជា​ផ្នែក​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​រកប្រាក់​ឲ្យ​កូន​ខ្ញុំ​រៀនសូត្រ​ក្លាយជា​គ្រូពេទ្យ​មួយរូប​នៅក្នុង​ភូមិ​» នេះ​គឺជា​ការលើកឡើង​របស់​ស្ដ្រី​ជនជាតិ​ចាម​ម្នាក់​។

គាត់​រៀបរាប់​បន្តថា «​ខ្ញុំ​ឈ្មោះ កូប ហ្វា​ទី​ម៉ះ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ឃុំ​ដដែល​។ សព្វថ្ងៃ​ខ្ញុំ​ប្រកបមុខរបរ​ត្បាញសំពត់​សូត្រ​ដូច​ម្ដាយ​របស់ខ្ញុំ​ដែរ​។ ឪពុក​ខ្ញុំ​ឈ្មោះ កូប គឺជា​អ្នកនេសាទ​ត្រី​។ ឪពុកម្តាយ​របស់ខ្ញុំ​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ដោយសារ​ការអត់ឃ្លាន​។

កូប ហ្វា​ទី​ម៉ះ នៅផ្ទះ​របស់គាត់​ស្ថិតនៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម កាលពី​ខែ កក្កដា ឆ្នាំ​២០២២​។ (​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខ្ញុំ​រៀបការ​ជាមួយ​ប្តី​ឈ្មោះ អះ​ម៉ាត់ ប្រហែលជា​ឆ្នាំ​១៩៧៣ ហើយ​កាលនោះ​ខ្ញុំ​គឺជា​កូនក្រមុំ​ស្លៀកសំពត់​សូត្រ​គោម​ផ្កា​កន្ទេល ពណ៌​បៃតង​យ៉ាង​ស្រស់ស្អាត​។ នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​សម្រាល​បានកូន​ប្រុស​ម្នាក់ ។ នៅ​ឆ្នាំ​១៩៧៥ កូន​របស់ខ្ញុំ​ទើបតែ​ចេះ​វារ ខ្មែរក្រហម​ក៏​ជម្លៀស​គ្រួសារ​ខ្ញុំ​និង​អ្នកភូមិ​ឯទៀត​តាម​រថភ្លើង​ទៅកាន់​ខេត្តបាត់ដំបង​។ គ្រួសារ​ខ្ញុំ​ចុះ​នៅ​ចំណុច​ភូមិ​ក្បាលថ្នល់ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ជម្លៀស​គឺ​យោធា​ខ្មែរក្រហម​ប្រាប់ថា នាំ​អ្នកភូមិ​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ទើប អ្នក​ទាំងអស់គ្នា​ចាកចេញ​ពី​ភូមិ​។ រថភ្លើង​បរ​មកដល់​ខេត្តបាត់ដំបង​ភ្លាម កម្មាភិបាល​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ប្រជាជន​ចុះ​ធ្វើស្រែ និង​ដក​ស្ទូង​។ ចំណែក​ប្តី​ខ្ញុំ​ត្រូវ​ចុះទៅ​ភ្ជួរស្រែ​។ ក្រោយមក​មិនទាន់បាន​មួយឆ្នាំ ស្រាប់តែ​ឪពុកម្តាយ​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់​ដោយសារ​ការអត់ឃ្លាន​។

មួយខែ​ក្រោយមកទៀត ប្ដី​ខ្ញុំ​ដួលសន្លប់​បាត់ស្មារតី​បន្ទាប់ពី​ត្រឡប់​មកពី​ភ្ជួរស្រែ រួច​បញ្ជូនទៅ​ពេទ្យ​ស្រុក​។ ពេទ្យ​បាន​ចាក់​ថ្នាំ​មួយ​ម្ជុល​ឲ្យ​គាត់​ហើយ​គាត់​ក៏​ស្លាប់ទៅ​។ ខ្ញុំ​គិតថា​ពេទ្យ​មាន​ចេតនា​ចាក់​ថ្នាំ​សម្លាប់​ប្ដី​ខ្ញុំ ឬ​ម្យ៉ាងទៀត​មកពី​ពេទ្យ​ទាំងនោះ​មិនមាន​ចំណេះដឹង​ច្បាស់លាស់​។ ការបាត់បង់​ឪពុកម្តាយ​និង​ប្តី​របស់ខ្ញុំ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ត​ឬ​យំសោក​ត​ទៀតឡើយ ព្រោះ​ខ្ញុំ​គិតថា​ពួកគាត់​បាន​សុខ​ហើយ ពួកគាត់​លែង​វេទនា និង​រស់នៅក្នុង​របប​ដល់​ខ្មៅ​ងងឹត​ទាំង​អត់ឃ្លាន​ដូច​ខ្ញុំ​ឡើយ​។ ខ្ញុំ​ត្រូវ​ប្រឹង​រស់ ដើម្បី​មើលថែ​កូនប្រុស និង​ប្អូនៗ​។ ពេល​ថ្ងៃ​ខ្ញុំ​ប្រឹង​ធ្វើការ ពេលយប់​ខ្ញុំ​ចេញទៅ​លួច​ស្រូវ និង​ពោត​មក​ស្ងោរ​ឲ្យ​កូន​និង​ប្អូនៗ​ហូប​។ ពេលខ្លះ​ខ្ញុំ​លួចបាន ពេលខ្លះ​ក៏​លួច​មិនបាន​។ របប​ខ្មែរក្រហម​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​កូនកំព្រា និង​ជា​ស្ត្រី​មេម៉ាយ​មកដល់​សព្វថ្ងៃ​។

​នៅ​ដើមឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​បាន​វាយ​ចូលមក និង​បានឮ​សំឡេង​បំផ្ទុះ​គ្រាប់បែក​។ ពេលនោះ​ខ្ញុំ​និង​ប្រជាជន​ឯទៀត​កំពុង​ទូល​កណ្ដាប់​ស្រូវ​យកទៅដាក់​នៅ​ទីលាន​បោក​បែន​ធម្មតា ប៉ុន្តែ​កងកម្លាំង​វៀតណាម​ដេញ​ឲ្យ​អ្នកភូមិ​និង​ខ្ញុំ​នាំគ្នា​រត់​ចូលទៅក្នុង​ទី​រួម​ខេត្តបាត់ដំបង​វិញ​។ ការធ្វើដំណើរ​ទៅ​ទីក្រុង​បាត់ដំបង គ្រួសារ​ខ្ញុំ​លំបាក​ជាង​អ្នក​ផ្សេងទៀត ដោយសារ​ប្អូនប្រុស​ខ្ញុំ​ម្នាក់​ស្វិតជើង ហេតុនេះ​ពិបាក​ក្នុងការ​ធ្វើដំណើរ​។ ដើម្បី​ឲ្យ​ទាន់​គ្រួសារ​ឯទៀត ខ្ញុំ​មានតែ​ឲ្យ​ប្អូន​ចុះទៅ​ក្នុង​ប្រឡាយ​ស្រប​ជាមួយ​ផ្លូវ រួច​ហែល​រហូត​ទាល់​តែមាន​រទេះគោ​ណា​ដែល​ខ្ញុំ​អាច​សុំ​ឲ្យ​ប្អូន​ខ្ញុំ​ជិះ​ជាមួយ​បាន​។ ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ​ណាស់ ប៉ុន្តែ​មិនអាច​ជួយ​គាត់​បាន ព្រោះ​ខ្ញុំ​គ្មាន​កម្លាំង​សែង​។ មកដល់​ទី​រួម​ក្រុង​បាត់ដំបង ខ្ញុំ​រៀបចំ​កន្លែង​ស្នាក់នៅ ហើយ​បាន​ជួប​បងប្អូន និង​ពូ​មីង​មួយចំនួន​។ នៅពេល​រស់នៅ​ជុំគ្នា​ក្នុង​ក្រុង​បាត់ដំបង យើង​ទទួលដំណឹង​ថា​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ថៃ អាច​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ឲ្យ​ទៅកាន់​ប្រទេស​អាម៉េរិក ម៉ាឡេស៊ី និង​អូស្ត្រាលី​។

គ្រួសារ​ខ្ញុំ​និង​អ្នកភូមិ​ផ្សេងទៀត​បានធ្វើ​ដំណើរ​បន្ត​ទៅកាន់​ជំរំ​ដែលមាន​ឈ្មោះថា ណង​ចាន់​។ នៅ​ជំរំ​ណង​ចាន់ ខ្ញុំ​បានទទួល​របប​អាហារ​បរិភោគ​គ្រប់គ្រាន់ ហើយ​រស់នៅក្នុង​ជំរំ​បាន​រយៈពេល​កន្លះ​ខែ​។ ប៉ុន្តែ​ក្រោយមក ខាង​ប្រទេស​ថៃ​ដឹក​យើង​មក​ចោល​នៅលើ​ភ្នំ​ដងរែក​។ បន្ទាប់ពី​រួច​ជីវិត​ពី​ភ្នំ​ដងរែក គ្រួសារ​ខ្ញុំ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​រយៈពេល​ជាង​មួយខែ​ទម្រាំ​បាន​មកដល់​ស្រុកកំណើត​។ ពេលមកដល់​ស្រុកកំណើត​ខ្ញុំ​ចាប់ផ្ដើម យកចំណេះ​ដឹង​ពី​ម្តាយ​របស់ខ្ញុំ​មកប្រើប្រាស់ ដោយ​ដំបូង​ខ្ញុំ​ដើរទៅ​សុំ​ចិន​នៅ​ផ្សារ​ដើម្បី​ស៊ីឈ្នួល​ចាក់​មង​ទាំងថ្ងៃទាំងយប់ ព្រោះ​ខ្ញុំ​ចង់​សន្សំ​លុយ​ទុក​សង់ផ្ទះ និង​ទិញ​សម្ភារ​ផ្សេងៗ​។

​ប្រហែល​ឆ្នាំ​១៩៨៦ បងប្អូន​ខ្មែរ​នៅ​ខាង​ព្រៃ​ល្វា ជួល​ខ្ញុំ​ឲ្យ​ត្បាញ​សំពត់សូត្រ ព្រមទាំង​ផ្ដល់​ជា​គ្រឿង​តម្បាញ​ទាំងស្រុង​។ ខ្ញុំ​សម្រេចចិត្ត​ត្បាញ​ឡើងវិញ ព្រោះ​វា​ជាការ​ងារ​ដែល​ខ្ញុំ​ស្រឡាញ់​តាំងពី​អាយុ​១៣​ឆ្នាំ​។ ខ្ញុំ​ចាប់ផ្ដើម​ចង​គោម​ដែល​ខ្ញុំ​ស្រឡាញ់​ពីមុន ដូចជា គោក​ផ្កា​កន្ទេល គោម​ជណ្ដើរ​បារាំង គោម​ក្ងោក​សម័យ គោម​ដប​តែ គោម​សំរោង និង​គោម​ខុង​មិញ​ជាដើម​។ សម្រាប់​ការ​ជ្រលក់​ពណ៌​គឺ​មានតែ ពណ៌​លឿង ខ្មៅ ក្រហម បៃតង និង ខៀវ​។ ពណ៌​បៃតង និង ខៀវ គឺ​ពេញនិយម​ណាស់​ចំពោះ​កូនក្រមុំ​ថ្ងៃ​រៀបការ​។ ខ្ញុំ​ត្បាញ​សព្វថ្ងៃនេះ គឺ​ដើម្បី​ជាការ​ថែរក្សា​ប្រពៃណី ចំណេះ​ជំនាញ​ដែល​ដូនតា​បន្សល់ទុក​។ ខ្ញុំ​ត្បាញ​ក៏​ចាក់​ទុកជា​ចលនា​ហាត់ប្រាណ​មួយ​ដែរ​។ ខ្ញុំ​សង្ឃឹមថា​ទីផ្សារ​សូត្រ និង​ងើប​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​បាត់​ផុតរលត់​ទៅ​៕សរន