ប្រមុខ​រាជរដ្ឋាភិបាល​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​តម្លៃ​ជាង ៧០​លាន​ដុល្លារ នៅ​ថ្ងៃស្អែក​

1761
ចែករម្លែក
  • 106
    Shares

ដោយ​: តារារិទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បោ​បើក​ដំណើរការ​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​ថ្មី​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៨​នេះដែ​លអាច​មានលទ្ធភាព​ឱ្យ​នាវា​ផ្ទុកទំនិញ​ធំៗ ចូល​ចត​បាន និង​ឈានទៅ​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន​។ កំពង់ផែ​ពហុ​បំណង​ថ្មី​នេះ​មានតម្លៃ​ប្រមាណ​ជា ៧៤ លាន​ដុល្លារ​ដែលជា​កម្ចី​ការប្រាក់​ទាប​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA)​។​

​បើ​យោងតាម​លោក លូ គីម​ឈន់ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​កំពង់ផែ​ទឹក​ជ្រៅ​ពហុ​បំណង​ថ្មី​នេះ​នឹងមាន​លទ្ធភាព​ឱ្យ​នាវា​ដែល​ផ្ទុកទំនិញ​ចំណុះ​រហូតដល់​៤​ម៉ឺន​ទៅ ៥​ម៉ឺន​តោន អាច​ចូល​ចត​បាន​ដែល​នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹកនឹង​កើនឡើង ២ ដង ទៅលើ​សមត្ថភាព​ផ្ទុកទំនិញ​របស់​កំពង់​ផែ​ចាស់​។​

​គូ​រំលឹក​ផងដែរ​ថា​ចំណត​ផែ​ពហុ​បំណង​នេះ​មាន​ទីតាំង​ស្ថិតក្នុង​បរិវេន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី ហ​នុ​ដោយបាន​ចាប់ផ្ដើម​សាងសង់ឡើង​នៅ​ដើមឆ្នាំ ២០១៥ និង ជា​កម្ចី​ការប្រាក់​ទាប​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជប៉ុន JICA ប្រមាណ ១៧៦ លាន​យេន ស្មើ​ប្រមាណ ៧៤ លាន​ដុល្លារ ។ ចំណត​ផែ​ពហុ​បំណង​ថ្មី​នេះ មាន​ប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅ​ទឹក ១៣,៥ ម៉ែត្រ ដោយមាន​ទីលាន​ស្តុក​ទំនិញ​រាយ​ទំហំ ២៨.០០០​ម៉ែត្រការ៉េ និង ទីលាន​ស្តុក​ធ្យូងថ្ម​ទំហំ ១៣.០០០ ម៉ែត្រការ៉េ រួមជាមួយ​ទីលាន​ស្តុក​ទំនិញ​ទូទៅ ១៤.០០០​ម៉ែត្រការ៉េ​។
​សូមបញ្ជាក់ថា កំពង់ផែ​ពហុ​បំណង​ថ្មី​នេះ គឺជា​គម្រោង​អាទិភាព​មួយ ដែល​ត្រូវបាន​កសាងឡើង ដើម្បី​ជួយ​ជម្រុញ​ដល់​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ជាពិសេស ការនាំចេញ​នូវ​កសិផល​របស់​កម្ពុ​ជា ដូចជា​ចំណិត​ដំឡូង​មី​ស្ងួត ទំនិញ​រាយ និង ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម