ភ្នំពេញ​៖ រយៈពេល​៤​ថ្ងៃ​មកហើយ​ដែល​ក្រសួងយុត្តិធម៌​បានប្រកាស​អញ្ជើញ​បក្សនយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល ដែល​ជំទាស់​ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ មក​ទទួល​ការពន្យល់ និង​បកស្រាយ​បំភ្លឺ​ដោយផ្ទាល់​បន្ថែមទៀត ជាពិសេស​ដើម្បី​ជម្រះ​ចោល​នូវ​កង្វល់​ដែល​ពួកគេ​តែងតែ​លើកឡើង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ណាមួយ​ក្នុងចំណោម​គណបក្ស​៤ រួមមាន​គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​១០០ មាន​និន្នាការ​ទៅរក​ក្រុមប្រឆាំង​ដែល​បានដាក់​ញត្តិ និង​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ក្តីកង្វល់​នោះ ចេញមុខមក​ណាត់ជួប​ក្រសួងយុត្តិធម៌​នៅឡើយ​ទេ ខណៈ​ឱសានវាទ​កាន់តែ​ខិតជិត​មកដល់​។​

​ទំនង​គណបក្ស និង​សង្គម​ស៊ីវិល​ទាំងនេះ​មិនមាន​ភាពក្លាហាន​គ្រប់គ្រាន់​ក្នុងការ​ប្រឈមមុខ​នឹង​ការពិត​ឡើយ ខណៈ​ចលនា​ជាតិ​ទាំងមូល​បានចេញ​ញត្តិ​ប្រកាស​គាំទ្រ​ពេញទំហឹង លើ​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​យ៉ាង​គគ្រឹកគគ្រេង ឬមួយ​ពួកគេ​គ្រាន់តែ​ជា អ្នកក្លាហាន​គង់​ហ៊ាន​?

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្តរភាព​ជាតិ ក៏ដូចជា​ធានា​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​។ វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ដែល​រដ្ឋសភា​បានអនុម័ត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ​តាម​គោលការណ៍ និង​នីតិវិធី​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ជាពិសេស​ធានាបាន​នូវ​ការគោរព​គោលការណ៍​គ្រឹះ​នៃ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែលជា​របប​ដឹកនាំ​ប្រទេស​តាមបែប​សភានិយម ព្រមទាំង​ជាការ​លើកកម្ពស់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​ប្រជាជន​កម្ពុជា​បង្ហាញ ឆន្ទៈ និង​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​តា​មរយៈ​ការបោះឆ្នោត ស្របតាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​ជាតិ​។​

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​ធ្វើឡើង ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ សំដៅ​ធានា​ឱ្យបាន​នូវ​ដំណើរការ ប្រព្រឹត្ត​ដោយ​រលូន​និង​មាន​និរន្តរភាព​នៃ​ស្ថាប័ន​របស់​រដ្ឋ និង​ការធានា​ការពារ និង​ថែ​រក្ស​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេសជាតិ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ដើម្បី​ជា​គ្រឹះ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។ នេះហើយ​ជាការ​គិត​ផលប្រយោជន៍​ជាតិ​ជាធំ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រាល់​ដង្ហើម​ចេញចូល​បាន​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ គោរព​រដ្ឋធម្មនុញ្ញ ការពារ​របប​សភានិយម និង​ការពារ​គោលការណ៍​គ្រឹះ​នៃ​របប​ប្រជាធិបតេយ្យ​ឋេ​រី​ពហុបក្ស និង​របប​រាជា​នុយ​ម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ មិន​និយាយ​ក្តែ​ងៗ​ឱ្យតែ​រួចពីមាត់​ទេ​។​

​ក្រុម​គណបក្សនយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល វា​ដែល​មាត់​ស្នេហា​ជាតិ​តែ​ចិត្តខ្មៅ​ទុច្ចរិត បាន​កំពុង​រក​លេស​គេច​ចេញពី​ការពិត និង​ស្វែងរក​លេស​ដើម្បី​លុបលាង​ភាពអាម៉ាស់​របស់​ខ្លួន​ដើម្បី​បន្ត​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​តូច​ដែល​ជឿ​ងប់ងុល​លើ​ពួកគេ​បន្តទៀត​។ តាមពិត ប្រសិនបើ​គណបក្សនយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​អួតខ្លួន​ជា​អ្នកស្នេហាជាតិ ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដូច​អ្វី ដែល​ពួកគេ​តែងតែ​ស្រែក​ក្តែ​ងៗ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​ជា​មាស​សុទ្ធ និង​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ដោយ​សុទ្ធចិត្ត ហើយ​ពិតជា​មានបំណង​គិតគូរ​ដល់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឬ​របប​សភានិយម ឬ​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ គប្បី​ចូលជួប​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ពិភាក្សាគ្នា​ផង ឬ​ស្វែងយល់​ឱ្យបាន​កាន់តែច្បាស់​អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ កុំឱ្យ​ចេះតែ​ដើរ​និយាយ​ញុះញង់​ខុសពី​ការពិត មិនបានការ​។ តែ​ក្រុម​បក្ស នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ដែល​ខ្លាំង​បានតែ​ពីក្រោយ​ខ្នង និង​ការពឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ដើម្បី​បំពង​សំឡេង​ខ្លួន​ដើម្បី​ធ្វើ​ប្រជាភិថុតិ និង​ប្រ​ជោ​និយម នឹងមិន​ចូលមក​ស្តាប់​ការបំភ្លឺ​ឡើយ​។​

​នេះ​សបញ្ជាក់​ឱ្យឃើញថា ក្រុមបក្សនយោបាយ និង​សង្គម​ស៊ីវិល​ដែល​តែងតែ​ដើរតួ​ឯក​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ ការពារ​សិទ្ធិមនុស្ស និង​អួត​ពី​ខ្លួន​ស្នេហា​ជាតិ គោរព​រដ្ឋធម្មនុញ្ញ​នោះ គឺ​គ្រាន់តែ​រូបភាព​សម្តែង និង​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ បោកប្រាស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​គ្មាន​ភាពស្មោះត្រង់​ជាមួយ​ជាតិ​និង​ប្រជាជន​ដែរ គឺ​ពួកគេ​គិតតែ​ផលប្រយោជន៍​និង​មហិច្ឆតា​អំណាច​សម្រាប់​បក្ខពួក​ខ្លួន​តែប៉ុណ្ណោះ​។ ប្រសិនបើ​ក្រុមបក្សនយោបាយ​ទាំង​៤ រួមមាន​គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល ១០០ ពិតជា​អ្នក​ស្រឡាញ់​ជាតិ និង​ជា​ជើងឯក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​ចង់​ការពារ​រដ្ឋធម្មនុញ្ញ​ពិត ប្រាកដ​ដូច​មាត់​ខ្លួន​ថា គួរតែ​ក្លាហាន​ចូល​ស្តាប់​ការពន្យល់ និង​បកស្រាយ​បំភ្លឺ និង​អាច​សួរដេញដោល​ស៊ីជម្រៅ​ជាមួយ​ស្ថាប័ន​ជំនាញ និង​មន្ត្រី​ជំនាញ​ដោយផ្ទាល់ មិនមែន​ក្លាហាន​បានត្រឹមតែ​ប្រើប្រាស់​វិទ្យុ​បរទេស​ដើម្បី​ស្រែក​ឱ្យតែ​ល្អមើល និង​បោកប្រាស់​ប្រជាពលរដ្ឋ​ថា​ខ្លួន​ជា​អ្នក​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាជន​នោះទេ​។​

​កាលដែល​ក្រុមបក្សនយោបាយ​និង​សង្គម​ស៊ីវិល​ទាំងអស់នេះ​មិន​ហ៊ាន​ហើបមាត់​នឹង​ការអញ្ជើញ​ដោយ​សុទ្ធចិត្ត​របស់​ក្រសួងយុត្តិធម៌​ជជែក​គ្នា ពន្យល់​គ្នា​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា​អ្វីៗ​ដែល​ពួកគេ​បានធ្វើ​កន្លងទៅនេះ គឺ​គ្រាន់តែ​ដើម្បី​ល្អមើល និង​បម្រើ​ប្រយោជន៍​សួនតួ​របស់ខ្លួន​និង​បក្ខ​ពួកខ្លួន និង​ការដើរតាម​បន្ទាត់នយោបាយ​របស់​ចៅហ្វាយនាយ និង​ម្ចាស់ជំនួយ​របស់ខ្លួន​ប៉ុណ្ណោះ តែ​មិន​បម្រើ​ផលប្រយោជន៍​ខ្មែរ​ពិតប្រាកដ​ឡើយ​!

ដោយ​៖ ចៅ​ចាក់ស្មុក​
​រាជធានី​ភ្នំពេញ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​