ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,​ស៊ីន​ហួរ​)៖ យន្តហោះ​ចម្បាំង​ចិន​ជា​ច្រើន​គ្រឿង​បាន​ហោះចូល​ក្រៀក​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​ទី​០២​សីហា នៅពេល​ភាព​តានតឹង​កើនឡើង​ខ្លាំង​ជុំវិញ​ព័ត៌មាន​មិន​ផ្លូវការ​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​នៅ​កោះ​ស្វ័យគ្រប់គ្រងនេះ​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា នាវាចម្បាំង​ចិន​ជាច្រើនក៏​បង្ហាញ​ខ្លួន​នៅ​ជាប់​នឹង​តំបន់ទ្រនាប់​មិន​ផ្លូវការ​នៅក្នុង​ផ្លូវទឹក​ដរ​សើប​នេះ​ចាប់​តាំងពី​ថ្ងៃ​ចន្ទ​មក ហើយ​យោធា​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ទៅ​​ពិនិត្យមើល​សភាពការណ៍​។​

​ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​តៃវ៉ាន់ បាន​និយាយ​យោងតាម​ប្រភព​មិន​បង្ហាញ​អត្តសញ្ញាណ​ដែលថា ក្រសួង​យោធា​របស់​កោះ​នេះ​បាន​បង្កើន​ការត្រៀម​ប្រយុទ្ធ​ចាប់ពី​ព្រឹក​ថ្ងៃ​អង្គារ​​ដល់​ថ្ងៃត្រង់ ថ្ងៃ​ព្រហស្បតិ៍​។​

​វិវត្តន៍​សភាពការណ៍​ចុងក្រោយ​នេះ​កើត​ឡើង​នៅ​ពេល​អាម៉េរិក​បាន​និយាយ​នៅពេល​មុន​នេះ​ប៉ុន្មាន​ម៉ោង​ថា អាម៉េរិក​មិន​ខ្លាច​ការ​គំរាម​ពី​យោធា​ចិន​ដែល​ថា​ខ្លួន​នឹង​មិន​នៅ​ស្ងៀម​បើសិនជា លោកស្រី​ ផេ​ឡូ​ស៊ី នៅតែ​ចចេស​ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​។​វា​ក៏​កើត​ឡើង​បន្ទាប់ពី​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុ​ខ​ជាតិ​អាម៉េរិក​អះអាងថា «​អាម៉េរិក​នឹង​មិន​អោយ​គេ​បំភិតបំភ័យ​ដោយ​គ្រាន់តែ​មន្ត្រី​អាម៉េរិក​​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​។​លោកស្រី ប្រធាន​សភា​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់ និង​ទីណា​ក៏​បាន​អោយ​តែ​លោក​ស្រី​ចង់​»​។​

​កាលពី​ថ្ងៃ​ចន្ទ ចិន​បាន​ព្រមាន​អាម៉េរិក​ជា​ថ្មី​ទៀត​ថា កងទ័ព​រំដោះប្រជាជន​ចិន​នឹង​មិន​នៅ​ស្ងៀម​ទេ បើសិនជា​ប្រធានសភា​អាម៉េរិក​ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន បាន​ធ្វើ​ការព្រមាន​ដូច្នេះ​នៅ​សន្និសីទកាសែត​មួយ​។​លោក​ចាវ បាន​និយាយថា ចិន​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ទៅកាន់អាម៉េរិក អំពី​ការ​ព្រួយ​បារ​​ម្ភជា​ខ្លាំង​របស់​ខ្លួន​លើ​បញ្ហា​តៃវ៉ាន់ និង​ប្រឆាំង​ដាច់ខាត​ដំណើរ​របស់ផេ​ឡូ​ស៊ីទៅ​កាន់តៃវ៉ាន់​» ។​

​លោក​បាន​បញ្ជាក់ថា​« នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​បើ​ផេ​ឡូ​ស៊ី​ទៅ​តៃវ៉ាន់​។​ឆន្ទៈ​របស់​ប្រជាជន​នឹង​មិន​អាច​បដិសេធ ហើយ​អ្នក​ណា​លេង​ជាមួយ​ភ្លើង​នឹង​វិនាស​អន្តរាយ​។​ចិន​ជឿថា ភាគី​អាម៉េរិក​យល់ដឹង​​ច្បាស់​ណាស់​ចំពោះ​សារ​ដ៏​ខ្លាំង​និង​ច្បាស់ៗ​ពី​ចិន​»៕

​ចា​វ លី​ជៀន​៖ ចិន​ជា​ថ្មី​ទៀត​ព្រមាន​ភាគី​អាម៉េរិក​ថា ចិន​កំពុង​ត្រៀម​ខ្លួន​កំរិត​ខ្ពស់បំផុត កងទ័ព​រំដោះប្រជាជន​នឹងមិន​អង្គុយ​នៅ​ស្ងៀម​ទេ ដោយ​នឹងចាត់​វិធានកា​របក​ដ៏​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យ​​ជាតិ​និង​បូរ​ណា​ភាព​ទឹកដី​របស់​ខ្លួន​