ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កូនភ្លោះជាប់គ្នាកើតក្នុងប្រទេសប្រេស៊ីលដែលមានក្បាលនិងខួរក្បាលរួមបញ្ចូលគ្នាត្រូវបានបំបែកចេញពីគ្នានៅក្នុងអ្វីដែលវេជ្ជបណ្ឌិតពណ៌នាកាលពីថ្ងៃចន្ទ ទី០១សីហាថាជាការវះកាត់ដ៏ស្មុគស្មាញបំផុតនៃប្រភេទវះកាត់បែបនេះ ដែលពួកគេបានរៀបចំឡើងដោយប្រើបច្ចេកវិជ្ជា Virtual Reality (VR)។
អាធឺ (Arthur)និង បឺណាដូ លីម៉ា (Bernardo Lima) បានកើតនៅឆ្នាំ ២០១៨ នៅរដ្ឋរ៉ូរ៉ៃម៉ា (Roraima) ភាគខាងជើងប្រទេសប្រេស៊ីល ជាកូនភ្លោះក្បាលជាប់គ្នាដែលជាស្ថានភាពដ៏កម្រមួយ ដែលបងប្អូនបង្កើតត្រូវបានរួមបញ្ចូលគ្នានៅលលាដ៍ក្បាល។
ជាប់គ្នានៅលលាដ៍ក្បាលអស់រយៈពេលជិតបួនឆ្នាំ ដោយភាគច្រើនចំណាយពេលដេកនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងរីយ៉ូដឺជេនីរ៉ូ (Rio de Janeiro) ឥឡូវនេះបងប្អូនប្រុសនេះអាចមើលមុខគ្នាជាលើកដំបូងបន្ទាប់ពីការវះកាត់ប្រាំបួនលើក ដែលចុងបញ្ចប់បានឈានទៅដល់ការវះកាត់ចុងក្រោយ ២៧ ម៉ោងដើម្បីបំបែកពួកគេ។
អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ដ្រ Gemini Untwined ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលបានជួយដល់ការវះកាត់នេះ បានពណ៌នាថា វាជា”ការវះកាត់បំបែកដ៏លំបាកបំផុតនិងស្មុគស្មាញបំផុតរហូតមកទល់បច្ចុប្បន្ន” ដោយសារក្មេងប្រុសទាំងពីរចែករំលែកសរសៃសំខាន់ៗជាច្រើនជាមួយគ្នា។
គ្រូពេទ្យសរសៃប្រសាទឈ្មោះ ហ្គាព្រីល មូហ្វារ៉េច (Gabriel Mufarrej) នៃវិទ្យាស្ថានខួរក្បាលរដ្ឋផូឡូនីមេយើ (Paulo Niemeyer) ឬ IECPN នៅទីក្រុងរីយ៉ូកន្លែងដែលការវះកាត់បានធ្វើឡើង បាននិយាយថា “កូនភ្លោះទាំងពីរមានស្ថានភាពធ្ងន់ធ្ងរនិងពិបាកបំផុត ជាមួយនឹងហានិភ័យខ្ពស់បំផុតនៃការស្លាប់ទាំងពីរ”។ លោកគ្រូពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”យើងពេញចិត្តនឹងលទ្ធផលនេះខ្លាំងណាស់ ពីព្រោះគ្មាននរណាម្នាក់ជឿលើការវះកាត់នេះពីដំបូងនោះឡើយ ប៉ុន្តែយើងតែងតែជឿថាមានឱកាស”។
អង្គការ Gemini Untwined បាននិយាយថា សមាជិកនៃក្រុមគ្រូពេទ្យដែលរួមមានបុគ្គលិកជិត ១០០ នាក់បានរៀបចំសម្រាប់ដំណាក់កាលវះកាត់ចុងក្រោយដ៏ផ្ចិតផ្ចង់នៅថ្ងៃទី ៧ និង ៩ ខែមិថុនា ដោយមានជំនួយពីបច្ចេកវិជ្ជា VR។
ដោយប្រើការស្កែនខួរក្បាលដើម្បីបង្កើតផែនទីឌីជីថលនៃលលាដ៍ក្បាលរួមគ្នារបស់ក្មេងប្រុសទាំងពីរ ក្រុមគ្រូពេទ្យវះកាត់បានអនុវត្តការវះកាត់សាកល្បងឆ្លងមហាសមុទ្រអាត្លង់ទិកតាមរយៈបច្ចេកវិជ្ជា VR។
គ្រូពេទ្យវះកាត់សរសៃប្រសាទជនជាតិអង់គ្លេសលោក នួ អ៊ុល អូវ៉ាសេ ជីឡានី (Noor ul Owase Jeelani) ជាគ្រូពេទ្យវះកាត់ឈានមុខសម្រាប់អង្គការ Gemini Untwinedបានហៅវគ្គវះកាត់តាមបច្ចេកវិជ្ជា VR ថាជា “រឿងដែលកើតឡើងក្នុងយុគសម័យអវកាស”។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស PA ថា “វាពិតជាអស្ចារ្យណាស់ វាពិតជាអស្ចារ្យណាស់ក្នុងការមើលឃើញអាណាតូមី (កាយវិភាគសាស្ត្រ) និងធ្វើការវះកាត់ មុនពេលអ្នកប្រថុយធ្វើឱ្យក្មេងៗប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយ។ អ្នកអាចស្រមៃមើលបានថាតើវាជាការធានាកម្រិតណាចំពោះគ្រូពេទ្យវះកាត់…។ ការធ្វើរឿងបែបនេះតាមពិភពនិម្មិតបានគឺពិតរឿងដែលមានតែមនុស្សនៅលើភពព្រះអង្គារប៉ុណ្ណោះអាចធ្វើបាន”៕
អាធឺ និង បឺណាដូ ត្រូវបានវះបំបែកពីគ្នាបានសម្រេច