ដោយ​: ជា សីហៈ / ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំង​សហការី​បាន អញ្ជើញ​មកជួប​ពិភាក្សា​ការងារ​ជាមួយ លោក ណាំ ស៊ុ​ង​ហ៊ុន ( NAM Sung-hyun) រដ្ឋមន្ត្រី​ព្រៃឈើ​កូរ៉េ នៅ​ទីស្តីការ នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២​។ ជំនួប​នេះ​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព្រៃឈើ​រវាង​ប្រទេស​ទាំងពីរ​។

​លោក ណាំ ស៊ុ​ង ហ៊ុន បាន​រាយការណ៍​ជូន​គណ​:​ប្រតិភូ​កម្ពុជា​អំពី​ការគ្រប់គ្រង ការដាំដុះ ថែរក្សា អភិរក្ស និង​ការធ្វើ​អាជីវកម្ម​ព្រៃឈើ ដោយ បច្ចុប្បន្ន​ប្រទេស​កូរ៉េ​មាន​ផ្ទៃដី​ព្រៃឈើ​សរុប ៦៣% នៃ​ផ្ទៃដី​សរុប ក្នុងនោះ ២/៣ គ្រប់គ្រង​ដោយ​ឯកជន និង ១/៣ គ្រប់គ្រង​ដោយ​រដ្ឋ​។ ៥០​ឆ្នាំកន្លងមក រដ្ឋាភិបាល​កូរ៉េ​បាន​អនុវត្ត​គោលនយោបាយ​ដាំ​ដុះ គ្រប់គ្រង និង​ថែរក្សា​ព្រៃឈើ ហើយ​លទ្ធផល​ដែល​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កូរ៉េ​ទទួលបាន​គឺ​បរិស្ថាន​ល្អ អាកាសធាតុ​បរិសុទ្ធ រក្សាបាន​ជីវចំរុះ សុខភាព​មនុស្ស សត្វ និង​រុក្ខជាតិ​ល្អ និង​សំណើម​ដី​ខ្ពស់​។​ល​។ បច្ចុប្បន្ន ក្រសួង​ព្រៃឈើ​កូរ៉េ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចំនួន ៣៧​ប្រទេស​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។​

​នាឱកាស​នេះ លោក​រដ្ឋមន្ដ្រី វេ​ង សាខុន បាន​លើកយក​ចំណុច​សំខាន់ៗ​មក​ជម្រាបជូន​ភាគី​កូរ៉េ​បាន​ជ្រាប​អំពី បច្ចុប្បន្នភាព​នៃ​ផ្ទៃដី​គម្រប​ព្រៃឈើ គោលនយោបាយ​នៃ​ការដាំដុះ​ព្រៃឈើ​ឡើងវិញ ការគ្រប់គ្រង ថែរក្សា និង​អភិរក្ស​ព្រៃឈើ ការធ្វើ​អាជីវកម្ម​ព្រៃឈើ និង​ផលប្រយោជន៍​ព្រៃឈើ និង​អនុផល​ព្រៃឈើ​សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​សហគម​ន៍​ព្រៃឈើ ដែល​នៅ​ពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ​។​ល​។

​ក្នុងជំនួប​ដ៏​មាន​សារសំខាន់​នេះ លោក រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​បន្ត​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​ក្រសួង​ព្រៃឈើ​កូរ៉េ​លើ​ការងារ​រប​ច្ចេកទេស និង​បណ្តុះបណ្តាល​ធនធានមនុស្ស​។ ឆ្លៀតឱកាស​ដែល លោក ណាំ ស៊ុ​ង​ហ៊ុន ក៏​គ្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ចុងខែ​សីហា​ខាងមុខ ។

​លោក វេ​ង សាខុន បាន​ណែនាំ​ឲ្យ​លោក កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ត្រៀម​រៀបចំ​ឯកសារ​សំខាន់ៗ​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​ទ្វេភាគី និង​លើក​សំណើសុំ​ការជួយ ឧបត្ថម្ភ គាំទ្រ​ពី​ក្រសួង​ព្រៃឈើ​កូរ៉េ ដើម្បី​អភិវឌ្ឍ​ព្រៃឈើ​កម្ពុជា​នាពេល​អនាគត​។

​លោក រដ្ឋមន្ដ្រី​ជាថ្មី​ម្តងទៀត​បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភ គាំទ្រ​ពី​ភាគី​កូរ៉េ ដល់​ការអភិវឌ្ឍ​ព្រៃឈើ​កម្ពុជា​ក្នុង​រយ​:​ពេលកន្លងមក ក្នុង​ឆន្ទ​:​រួម​គឺ​រក្សា​បរិស្ថាន​ពិភពលោក​ល្អ និង​កំណើន​ប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​។

​ជាការ​ឆ្លើយតប លោក ណាំ ស៊ុ​ង​ហ៊ុន បាន​លើកឡើងថា ការពិត​ប្រទេស​យើង​ទាំងពីរ​ធ្លាប់បាន​ចុះហត្ថលេខា MOU ម្តង​រួចមកហើយ​នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​ដោយ សារ​និន្នាការ​នៃ​ការ​វិវឌ្ឍន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម​ទូទាំង​ពិ​ភាព​លោក រួមទាំង​ប្រទេស​យើង​ទាំងពីរ យើង​គូរ​តែ​ធ្វើ​បច្ចុប្បន្នភាព​លើ​ខ្លឹមសារ​សំខាន់ៗ​ក្នុង MOU ឆ្នាំ​២០០៨ នេះ​នៅ​ឡើងវិញ​ដោយ​ត្រូវ​សង្កត់ធ្ងន់​លើ​ចំណុច​សំខាន់ៗ​មាន​ជាអាទិ៍ ÷
១- ការពិនិត្យ​ឡើងវិញ​លើ​គម្រោង​ព្រៃឈើ​មេគង្គ​-​កូរ៉េ​
២- ការសិក្សា​ស្រាវជ្រាវ​លើ​ធនធាន​ព្រៃឈើ​កម្ពុជា​
៣- ការសិក្សា​លើ​ធនធាន​ដីព្រៃ​ឈើ​
៤- ការធ្វើ​ពាណិជ្ជកម្ម​ឈើ និង​ការវិនិយោគទុន​លើ​ការដាំ​ឈើ​។
​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា​នឹង​ជួប​ពិភាក្សាគ្នា​លម្អិត​បន្ថែមទៀត ដើម្បី​ឈានទៅ​ចុះហត្ថលេខា MOU នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព្រៃឈើ​រវាង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​ឲ្យ​កាន់តែ​ល្អប្រសើរ​៕​