ដោយៈ ចាន់តូ / ភ្នំពេញ៖ បុរសម្នាក់ ឲ្យតែបានផឹក សុខចិត្តអត់បាយ រហូតដល់បោះបង់ ការងារចោល ដើរផឹកស្រវឹងរាល់ថ្ងៃយប់ ទីបំផុតដើរ ដេកផឹក អត់បាយ ៣ថ្ងៃ ប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខហាងមីហឹរ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសម្នាក់នោះ គេគ្រាន់តែស្គាល់ឈ្មោះ ថា អតីតកម្មករលីសែង ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ជាមនុស្សញៀនស្រាខ្លាំង ។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃមកនេះ គេឃើញជនរងគ្រោះ ដើរផឹកស្រាស្រវឹង រករឿងគេឯង តាមដងផ្លូវ តាមផ្លូវជាតិលេខ៤ ផ្លូវសហព័ន្ធរុស្សី ផ្លូវជាតិលេខ៣ ហើយនៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ គេឃើញបុរសខាងលើ ផឹកស្រវឹង ទៅរករឿង វាយអ្នករត់ម៉ូតូកង់បី មុខបរុីពិភពថ្មី២ ផ្លូវជាតិលេខ៣ ភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រហូតដល់គេអត់ទ្រាំមិនបាន តដៃវិញ ឈាមត្រចៀកឆ្វេង សមត្ថកិច្ច អាជ្ញាធរ ឃើញដូច្នេះ ក៏ឲ្យលុយបានជាង ៨ មុឺនរៀល ឲ្យទៅលាងរបួស តែបែរជាយកទៅទិញស្រាផឹក អស់ ៧ កំប៉ុង ស្រវឹងដេកដួល ស្រាប់តែយប់ឡើង ក្រោកដើរ ទៅទិញស្រា បានមួយដប ផឹកបន្ត ដើរទៅដេក តាមចិញ្ចើមផ្លូវ ចំណុចមុខហាងមីហឹរ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល គ្មានអ្នកណាចាប់អារម្មណ៍ លុះរហូតដល់វេលាម៉ោង ៩និង៣០ ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ទៅហើយ មិនឃើញក្រោក ភ្ញាក់ ទើសកន្លែងគេធ្វើការ ទើបមានអ្នកដើរទៅដាស់ បំណងឲ្យងើបចេញ បែរជាប្រទះឃើញស្លាប់បាត់ទៅហើយ ។
ក្រោយពីប្រទះឃើញបុរសញៀនស្រា ដេកស្លាប់ សង្ស័យគាំងបេះដូង ព្រោះតែផឹកអត់បាយ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យជាក់ស្តែង រួចដឹកតាមរ៉ឺម៉កម៉ូតូ យកទៅតំកល់ទុក នៅវត្តជន្លង់ម្លូរ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ ពិនិត្យបន្ត ៕/V