ដោយៈ បូកគោ / កំពត: ក្នុងបំណងបង្កើតសួនកម្សាន្ត តាមឆ្នេរព្រែក រដ្ឋបាលខេត្តកំពត រួមទាំងមន្ត្រីនៃ មន្ទីរជំនាញពាក់ព័ន្ធ នឹងចុះកាយអាចម៍ដី ដកដំណាំ ពិសេសរុះរើសំណង់ ផ្សេងៗ ដែលបានសង់បំពានចូលព្រែក និងដីចំណីព្រែក ស្ថិតក្នុងស្រុកទឹកឈូ ព្រោះតែខកខានមិនបានអនុវត្ត តាមសេចក្តីជូនដំណឹង កន្លងមក។
ផ្អែកតាមសេចក្តីជូនដំណឹងលេខ ៤១២/២២ ស.ជ.ណ របស់រដ្ឋបាលស្រុកទឹកឈូក ចុះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ មានខ្លឹមសារថា កន្លងមក រដ្ឋបាលស្រុក ធ្លាប់បានចេញ សេចក្តីជូនដំណឹង រួចមកហើយ ពាក់ព័ន្ធករណីសាងសង់ផ្ទះ ធ្វើរបង សង់ខ្ចូស ចាក់ដី ដាំដើមឈើបំពានចូលដីចំណីព្រែក និងព្រែក ស្ថិតនៅភូមិកំពង់កណ្តាល និងភូមិជុំក្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ដោយតម្រូវឱ្យផ្អាករាល់សកម្មភាពទាំងអស់។ ម្ល៉ោះហើយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្ត រួមទាំងមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ នឹងចុះកាយអាចម៍ដី ដកដើមឈើ ក៏ដូចជាសំណង់ផ្សេងៗ ដែលបានសង់ចូលដីចំណីព្រែក និងព្រែកទាំងនោះ។
សេចក្តីជូនដំណឹង បានបញ្ជាក់ផងដែរថា នៅមុនថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បងប្អូនប្រជាពលរដ្ឋ អាចរុះរើដោយខ្លួនឯងបាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់ផ្ទះ ខ្ចូស របង ចាក់អាចម៍ដី ដាំដើមឈើតាមដងព្រែក ចាប់ពីស្ពានថ្ម កំពង់ទ្រៀក រហូតដល់ទីបញ្ជាការកងទ័ពជើងទឹកស្ថិតក្នុងភូមិកំពង់កណ្តាល និងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត អនុវត្តតាមសេចក្តីជូនដំណឹង កុំបីខាន។
ក្នុងករណីមិនអនុវត្តតាមខ្លឹមសារទាំងនេះទេ រដ្ឋបាលស្រុកទឹកឈូ សហការជាមួយ រដ្ឋបាលខេត្ត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ នឹងចុះរុះរើសំណង់ កាយអាចម៍ដី ព្រមទាំងដកដើមឈើទាំងនោះ ចេញ ដោយមិនទទួលខុសត្រូវ រាល់ការខូចខាត ទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋឡើយ។ រីឯការចំណាយក្នុងការរុះរើផ្សេងៗ ជាបន្ទុករបស់ប្រជាពលរដ្ឋផ្ទាល់ ៕/V