ដោយៈ ទេព មង្គល / ភ្នំពេញៈ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ ដែលមាន​ប្រវែង សរុប​ជិត ៥៣ គីឡូម៉ែត្រ បាន​ស្ថាបនា​សម្រេចបាន ៧៦,៨៧% ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ ហើយ​គម្រោង​នេះ គ្រោង​នឹង​បញ្ចប់ នា​ដើមខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ ។ នេះ​បើ​យោងតាម​របាយការណ៍​វឌ្ឍនភាព​ការងារ របស់​អង្គភាព​អនុវត្ត​គម្រោង (PIU) ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ បានឱ្យដឹង នៅ​ថ្ងៃទី​២ សីហា នេះ ។​

​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង (PIU) ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ នេះ បានបញ្ជាក់​ឱ្យដឹងថាៈ ក្នុង​លទ្ធផល​នោះ ការងារ​ផ្លូវ​សម្រេចបាន ៧២,៤៦% ការងារ​ស្ពាន​រំលង (Flyover) សម្រេចបាន ៦៩,៩០% និង​ការងារ​ស្ពាន​សម្រេចបាន ៩៥,៩៨% ។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​នេះ ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៤+១០៥ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅកាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ហើយនឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​ថ្មី​មួយ សម្រាប់​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន រវាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​៦ លេខ​៥ លេខ​៤ លេខ​៣ លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ផ្លូវ​មេ​)​។​

​ខ្សែ​ផ្លូវ​នេះ ក៏បាន​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ ក៏ដូចជា បំពេញ​ឱ្យ​ការតភ្ជាប់​ផ្លូវ​អាស៊ាន ហាយវ៉េ (AH1 និង AH11) និង​ផ្លូវ​របៀង​សំខាន់ៗ (​របៀង​កណ្តាល និង​របៀង​សេដ្ឋកិច្ច ភាគខាងត្បូង​) របស់​មហា​អនុតំបន់​មេគង្គ ផងដែរ​។​

​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ដែល​អនុវត្ត​ការងារ​សាងសង់ ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លាន​ដុល្លារ​អាមេរិក និង​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គម្រោង ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​៕/V