ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ស្ងាត់ៗ ប្រភេទ​កីឡា​គុន​ដាវ​កម្ពុជា ដណ្តើម​មេដាយមាស​១​គ្រឿង ចំណែក​កីឡា​ប៉េតង់ ទទួលបាន​មេដាយប្រាក់ ១​គ្រឿង​បន្ថែមទៀត នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ (20th ASEAN University GAMES) នៅ​ប្រទេស​ថៃ​។​

​ព្រឹត្តិការណ៍​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ ហើយ​ប្រទេស​កម្ពុជា ដណ្តើម​មេដាយ ៨ គ្រឿង ហើយ​លើ ៣ ប្រភេទ​កីឡា​។ ដំបូង​ឡើយ កម្ពុជា ដណ្តើម​មេដាយប្រាក់ ១​គ្រឿង និង​មេដាយសំរិទ្ធ ២ គ្រឿង លើ ២ ប្រភេទ​កីឡា ហើយ គឺ​ប្រភេទ​កីឡា​កា​រ៉ា​តេ កីឡាការិនី ភួង សុផល មេដាយប្រាក់ ១​គ្រឿង ប្រយុទ្ធ​លើ​ប្រភេទ​ទម្ងន់​ក្រោម ៦៨ គីឡូក្រាម និង​កីឡាករ ប៊ិន ម៉េង​លី មេដាយ សំរឹទ្ធ ១​គ្រឿង ប្រយុទ្ធ​លើ​ប្រភេទ​ទម្ងន់ ៨៤ គីឡូក្រាម​ឡើង​។​

​សម្រាប់​ប្រភេទ​កីឡា​គុន​ដាវ​កម្ពុជា ដណ្តើម​មេដាយ ២ គ្រឿង សម្រាប់​វិញ្ញាសា នារី ក្រុម ៣ នាក់ រួមមាន កីឡាការិនី ឆាយ លីន​លី កីឡាការិនី យី លីហ្សា និង​កីឡាការិនី សន និ​ច បានទទួល​មេដាយប្រាក់ ១ លើ​វិញ្ញាសា ដាវ​ធំ ( EPEE Teams ) និង​វិញ្ញាសា​ដាវ​កាប់ (Saber Teams ) បានទទួល​ចំណាត់ថ្នាក់​លេខ​៣ មេដាយ សំរឹទ្ធ ។​

​ចំណែក​អត្តពលកម្ម កីឡាករ យ៉ាន ចាន់ វិញ្ញាសា​លោត​កម្ពស់ ទទួលបាន​មេដាយ​សំរឹទ្ធិ​។​​តែ​ពេលនេះ ប្រភេទ​កីឡា​គុន​ដាវ​កម្ពុជា សម្រាប់​វិញ្ញាសា​នារី ក្រុម ៣ នាក់ ឈ្នះ​មេដាយ​​មាស ១ លើ​វិញ្ញាសា ដាវ​តូច ( FOIL Teams ) រួមមាន កីឡាការិនី ឆាយ លីន​លី កីឡាការិនី យី លីហ្សា និង​កីឡាការិនី សន និ​ច ។​

​ចំពោះ​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា សម្រាប់​វិញ្ញាសា ១​នាក់​ទល់​១​នាក់​នារី ទទួលបាន​មេដាយ ប្រាក់ គឺ​កីឡាការិនី ហៀ​ង វិ​ជ្ជ​នី កម្ពុជា​ប្រកួត​ចាញ់​កីឡាការិនី​ថៃ ពិន្ទុ ៥ ទល់ ១៣ នៅ​ផ្តាច់ព្រ័ត្រ​៕/V​