ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២ សីហា ២០២២ នេះ សមត្ថកិច្ចនគបាល ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី បួននាក់ ដែលបានបន្លំលួចលុយភ្ញៀវ នៅពេលភ្ញៀវចូលកន្លែងកោសជប់ ហើយជនសង្សយទាំងនោះ បានត្រូវបញ្ជូនទៅកាន់ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។
បើយោងតាមរបាយការណ៍ របស់នគរបាលក្រុងកំពង់ឆ្នាំង និងពាក្យបណ្តឹងរបស់ ជនរងគ្រោះ ដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាៈ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១២ អធ្រាត្រ ថ្ងៃទី៣១ កក្កដា ២០២២ បានចូលទៅកន្លែង កោសជប់ ដែលមានយីហោ ៧៧៧ ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងទៀតថាៈ ក្រោយទទួលបណ្តឹងជនរងគ្រោះភ្លាម កម្លាំងនគរបាលក្រុង បានចុះស្រាវជ្រាវ និងបានកំណត់មុខសញ្ញា ដោយបានឃាត់ខ្លួន ជនសង្ស័យ រួមមានៈ ១. ឈ្មោះ.ស៊ឹម នៀង ភេទស្រី អាយុ ២៤ ឆ្នាំ ជាអ្នកសមគំនិត បាននាំយកមកធ្វើការសាកសួរ និងបានបន្តឈានទៅឃាត់ខ្លួន ២.ឈ្មោះ ឆេន ធិន ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលជាអ្នកលួចលុយដុល្លារពិត ហើយប្តូរដាក់លុយក្លែងក្លាយ, ៣. ឈ្មោះ ឆេន សារីន ភេទស្រី អាយុ ២៩ ឆ្នាំជាអ្នកសមគំនិត និង ៤.ឈ្មោះ ទឹម ស្រីរីម ភេទស្រី អាយុ ២៤ ឆ្នាំ ក៍ជាអ្នកសមគំនិត ។ ជនសង្ស័យទាំង បួននាក់នេះ មានលំនៅ នៅក្នុងភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្ន មកស្នាក់នៅ ប្រកបមុខរបរ ក្នុងកន្លែងកោសជប់ យីហោ ៧៧៧ ក្នុងភូមិសង្កាត់ ក្រុង កើតហេតុខាងលើ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ មានអាការៈមិនស្រួលខ្លួន បានចូលទៅកន្លែងកោសជប់ ខាងលើ ស្រាប់តែចេញមកវិញ ឆ្ងល់មើលលុយ រាប់មើលឃើញ ១.៧០០ ដុល្លារ ត្រូវបានប្តូរ ទៅសុទ្ធតែលុយសែន ហើយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច ហើយសមត្ថកិច្ច បាននាំខ្ួនជនសង្ស័យ យកមកសាកសួរ និងដកហូតវត្ថុតាង លុយពិត ២០០ ដុល្លារ លុយសែនក្រដាស ១០០ ដុល្លារ មាន ១៧ សន្លឹក និងលុយរៀល ៦.១០០.០០០ រៀល។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង កសាងឯកសារបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត ៕/V