​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មេដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក អៃ​មែន អាល់ ហ្សា​វ៉ា​ហ៊ី​រី (Ayman Al-Zawahiri)​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​ររ​បស់​អាម៉េរិក​នៅក្នុង​ប្រទេស​​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ចុង​សប្តាហ៍ ដែល​ជា​ការ​វាយ​សំពង​ដ៏​ធំ​បំផុត​ចំពោះ​ក្រុម​សកម្មប្រយុទ្ធ​នេះ​ចាប់តាំងពី​ស្ថាបនិក​របស់ខ្លួន លោក អូ​សា​ម៉ា ប៊ី​ន​ឡាដិន ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១១​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ហ្សា​វ៉ា​ហ៊ី​រី​បាន​លាក់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ប្រតិបត្តិការ​ដើម្បី​កំណត់​ទីតាំង​និង​សម្លាប់​គាត់​គឺជា​លទ្ធផល​នៃ​ការងារ​”​ប្រក​ដោយ​​ការប្រយ័ត្នប្រយែង​និង​ការតស៊ូ​” ដោយ​សហគមន៍​ប្រឆាំង​ភេរវកម្ម និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​។​

​រហូតដល់​ការប្រកាស​របស់​សហរដ្ឋអាម៉េរិក លោក​ហ្សា​វ៉ា​ហ៊ី​រី​ត្រូវ​ពាក្យ​ចាម​អា​រ៉ា​ម​ជា​ច្រើន​លើក​ឡើង​ថា​ស្ថិតនៅក្នុង​តំបន់​កុលសម្ព័ន្ធ​ប៉ា​គី​ស្ថាន ឬ​ស្ថិត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​រូប​នោះ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​នេះ​ដូចខាងក្រោម​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រដ្ឋាភិបាល​អាម៉េរិក​បានដឹង​ពី​បណ្តាញ​មួយ ដែល​ខ្លួន​វាយតម្លៃ​ថា​បាន​គាំទ្រ​លោក​ហ្សា​វ៉ា​ហ៊ី​រី ហើយ​កាលពី​ឆ្នាំមុន បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​ដកខ្លួន​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​ក្រុមមន្ត្រី​​បាន​តាមឃ្លាំមើល​ការចង្អុលបង្ហាញ​ណាមួយ​អំពី​វត្តមាន​របស់​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​នេះ​។​

​នៅ​ឆ្នាំ​នេះ ក្រុមមន្ត្រី​បាន​កំណត់​អត្តសញ្ញាណ​ថា គ្រួសារ​របស់​លោក​ហ្សា​វ៉ា​ហ៊ី​រី ប្រពន្ធ​របស់​គាត់ កូនស្រី​របស់​គាត់ និង​កូនៗ​របស់​ប្រពន្ធ​គាត់ បាន​ផ្លាស់​ទីលំនៅ​ទៅកាន់​ផ្ទះ​សុវត្ថិភាព​ក្នុង​ទីក្រុង​កា​ប៊ុល​ហើយ​​ក្រោយមក​បាន​កំណត់​ឃើញ​លោក​ហ្សា​វ៉ា​ហ៊ី​រី​ស្ថិតនៅ​កន្លែង​ដដែលៗ​ជា​បន្តបន្ទាប់​។​

​ក្នុង​រយៈពេល​ជាច្រើន​ខែ ក្រុមមន្ត្រី​ស៊ើបការណ៍​សម្ងាត់​កាន់តែ​មាន​ទំនុកចិត្ត​ថា​ពួកគេ​បានកំណត់​អត្តសញ្ញាណ​ឃើញ​លោក​ហ្សា​វ៉ា​ហ៊ី​រី យ៉ាង​ត្រឹមត្រូវ​នៅ​ឯ​ផ្ទះ​សុវត្ថិភាព​ក្នុង​ក្រុង​កា​ប៊ុល​ហើយ​នៅ​ដើម​ខែ​មេ​​សាបាន​ចាប់ផ្តើម​ការ​សង្ខេប​ដំណឹង​នេះ​ជូន​ដល់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​។ លោក ជេ​ក ស៊ូ​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា​សន្តិសុខ​ជាតិ បាន​ផ្តល់​បទ​សង្ខេប​ជូន​ប្រធានាធិបតី ចូ បៃដិនជា​បន្ត​​បន្ទាប់​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា “​យើង​អាច​បង្កើត​គំរូ​នៃ​ជីវិត​តាម​រយៈ​ប្រភព​ព័ត៌មាន​ឯករាជ្យ​ជាច្រើន​ដើម្បី​ជូនដំណឹង​អំពី​ប្រតិបត្តិការ​នេះ​”​។​

​មន្ត្រី​ដដែល​បាន​និយាយថា នៅពេលដែល​លោក​ហ្សា​វ៉ា​ហ៊ី​រី​មកដល់​ផ្ទះ​សុវត្ថិភាព​ក្នុង​ក្រុង​កា​ប៊ុល ក្រុមមន្ត្រី​មិន​បានដឹងថា​គាត់​ចាកចេញ​ពី​ផ្ទះ​របៀប​ណា​ទេ​ហើយ​ពួកគេ​បានកំណត់​អត្តសញ្ញាណ​គាត់​នៅ​​លើ​យ៉រ​ផ្ទះ ជា​កន្លែង​គាត់​ចេញ​មក​អង្គុយលេង​ជាច្រើនលើក​។​

​ក្រុមមន្ត្រី​បាន​និយាយថា ក្រុមមន្ត្រី​បាន​ស៊ើបអង្កេត​សំណង់​និង​សភា​ពនៃ​ផ្ទះ​សុវត្ថិភាព​នេះ ហើយ​បាន​ពិនិត្យ​មើល​អ្នក​រស់នៅ​ក្នុង​នោះ​ដើម្បី​ធានា​ថា​សហរដ្ឋ​អាម៉េរិក​អាចធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​ទំ​​នុក​ចិត្ត ដើម្បី​សម្លាប់​លោក​ហ្សា​វ៉ា​ហ៊ី​រី ដោយ​មិន​គំរាមកំហែង​ដល់​សុចរិត​ភាព​នៃ​រចនាសម្ព័ន្ធ​អគារ និង​កាត់បន្ថយ​ហានិភ័យ​ដល់​ជន​ស៊ីវិល​និង​ក្រុមគ្រួសារ​របស់​លោក​ហ្សា​វ៉ា​ហ៊ី​រី​។​

​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​បាន​កោះប្រជុំ​ជាមួយ​ទីប្រឹក្សា​សំខាន់ៗ​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​លើ​ការ​ស៊ើបការណ៍​សម្ងាត់​និង​វាយតម្លៃ​ដំណើរការ​នៃ​ការធ្វើសកម្មភាព​​ដែល​ល្អ​បំផុត​។​

​នៅ​ថ្ងៃទី​១ ខែកក្កដា លោកបៃ​ដិន​ត្រូវបាន​ផ្តល់​ជូនព័ត៌​មាន​សង្ខេប​អំពី​ប្រតិបត្តិការ​ដែល​បាន​ស្នើ​ឡើង​នៅក្នុង​បន្ទប់​ស្ថានការណ៍​របស់​សេត​វិមាន​ដោយ​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​របស់​គាត់​រួមទាំង​នាយក CIA លោក វី​លលៀម បឺន (William Burns) ។ លោកបៃ​ដិន “​បាន​សួរ​សំណួរ​លម្អិត​អំពី​អ្វី​ដែល​យើង​បានដឹង​និង​របៀប​ដែល​យើង​ដឹង​រឿង​នោះ​”​ហើយ​បាន​ពិនិត្យ​យ៉ាង​ដិត​ដល់​នូវ​គំរូ​នៃ​ផ្ទះ​សុវត្ថិ​​ភាព ដែល​សហគមន៍​ស៊ើបការណ៍​បាន​ផ្គុំ​ឡើង​និង​នាំយកមក​កិច្ចប្រជុំ​។​

​ក្រុមមន្ត្រី​បាន​និយាយថា លោកបៃ​ដិនបាន​សួរអំពី​ភ្លើង អាកាសធាតុ សម្ភារៈ​សំណង់ និង​កត្តា​ផ្សេងៗ​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​នៃ​ប្រតិបត្តិការ​។​លោក​ប្រធានាធិបតី​ក៏​បាន​ស្នើសុំ​​ការវិភាគ​អំពី​ផលវិបាក​ដែល​អាច​កើតមាន​ពី​ការវាយប្រហារ​នៅ​ទីក្រុង​កា​ប៊ុល​ផងដែរ​។​

​រង្វង់​ដ៏​តឹងតែង​នៃ​មេធាវី​អន្តរ​ទីភ្នាក់ងារ​ជាន់​ខ្ពស់​បាន​ពិនិត្យ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់ ហើយ​បាន​បញ្ជាក់ថា លោក​ហ្សា​វ៉ា​ហ៊ី​រី​គឺជា​គោលដៅ​ស្របច្បាប់​ដោយ​ផ្អែក​លើ​ការបន្ត​ដឹកនាំ​របស់​គាត់​​លើ​ក្រុម​អាល់​កៃ​ដា​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា នៅ​ថ្ងៃទី ២៥ ខែកក្កដា លោក​ប្រធានាធិបតី​បាន​កោះប្រជុំ​សមាជិក​គណៈរដ្ឋមន្ត្រី​និង​ទីប្រឹក្សា​សំខាន់ៗ​របស់​គាត់​ដើម្បី​ទទួល​ព័ត៌មាន​សង្ខេប​ចុង​ក្រោយ​និង​ពិភាក្សា​អំពី​របៀប​​ដែល​ការសម្លាប់​លោក​ហ្សា​វ៉ា​ហ៊ី​រីនឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អាម៉េរិក​ជាមួយ​ពួក​តា​លី​បង់ ក្នុងចំណោម​បញ្ហា​ផ្សេងៗ​ទៀត​ជាច្រើន​។ បន្ទាប់​ពី​ទាញ​យក​ទស្សនៈ​ពី​អ្នក​ផ្សេង​ទៀត​ជាច្រើន​នៅក្នុង​បន្ទប់ លោកបៃ​ដិនបាន​អនុញ្ញាត​ឱ្យ “​មានការ​វាយប្រហារ​តាម​អាកាស​ដែល​បាន​កំណត់​យ៉ាង​ច្បាស់លាស់​” ក្នុង​លក្ខខណ្ឌ​ដែល​វា​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ជន​ស៊ីវិល​។​

​ការវាយប្រហារ​ទីបំផុត​ត្រូវបាន​ធ្វើឡើង​នៅ​ម៉ោង ៩៖៤៨ យប់ (​ម៉ោង ៩៖៤៨ ព្រឹក ម៉ោង​នៅ​ប្រទេស​កម្ពុជា​) នៅ​ថ្ងៃទី ៣០ ខែកក្កដា ដោយ​ដ្រូ​ន​មួយ​បាន​បាញ់​មី​ស៊ី​ល ដែល​គេ​ហៅថា “​ភ្លើង​នរក​”៕

​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក អៃ​មែន អាល់ ហ្សា​វ៉ា​ហ៊ី​រី ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២