ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១​សីហា​ថា “​មនុស្ស​ជាតិ​នៅ​មិន​ឆ្ងាយ​ពី​ការបំផ្លិចបំផ្លាញ​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ​បើ​ហ៊ាន​តែ​មាន​​ការយល់ច្រឡំ​និង​ការប៉ាន់ប្រមាណ​ខុស​កើតឡើង​” ដោយ​លើកឡើង​ពី​សង្គ្រាម​នៅ​អ៊ុ​យក្រែន ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​និង​មជ្ឈិម​បូព៌ា និង​កត្តា​ជាច្រើន​ទៀត​។​

​លោក​អគ្គលេខាធិការ អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ផ្តល់​ការព្រមាន​ដ៏​ក្រៀមក្រំ​នេះ​នៅ​ឯ​ការបើក​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដែល​បាន​ពន្យារ​ពេល​ជា​យូរ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​សន្ធិសញ្ញា​អាយុកាល ៥០ ឆ្នាំ​ដែល​មាន​​គោលបំណង​ទប់ស្កាត់​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ និង​ទីបំផុត​សម្រេច​ឱ្យបាន​នូវ​ពិភពលោក​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​គ្រោះថ្នាក់​នៃ​ការបង្កើន​ការគំរាមកំហែង​ខាង​នុយក្លេអ៊ែរ​និង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ក៏​ត្រូវ​បាន​លើកឡើង​ផងដែរ​ដោយ​សហរដ្ឋ​អាម៉េរិក ជប៉ុន អាល្លឺម៉ង់ ប្រមុខ​នុយក្លេអ៊ែរ​របស់​អ​.​ស​.​ប​និង​វាគ្មិន​បើក​​ឆាក​ជាច្រើន​នាក់​ទៀត​នៅក្នុង​កិច្ចប្រជុំ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព និង​យល់ព្រម​លើ​ជំហាន​នាពេល​អនាគត​ដើម្បី​អនុវត្ត​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​គេ​ស្គាល់​ថា NPT ។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយថា កូរ៉េខាងជើង​កំពុង​ត្រៀម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៧​របស់ខ្លួន អ៊ីរ៉ង់ “​មិន​ព្រម ឬ​មិន​អាច​”​ទទួលយក​កិច្ចព្រមព្រៀង​​ដើម្បី​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​មាន​បំណង​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​រុស្ស៊ី ” កំពុង​ចូលរួម​ក្នុងការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់​និង​គ្មាន​កា​ប្រុង​​ប្រយ័ត្ន​បំផុត​” នៅ​អ៊ុ​យក្រែន​។​

​លោក​បាន​លើកឡើង​ពី​ការព្រមាន​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ទាប់​ពី​ការ​លុកលុយ​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ថា ការប៉ុនប៉ង​ណាមួយ​ដើម្បី​ជ្រៀតជ្រែក​នឹង​នាំទៅរក​”​ផលវិបាក​ដែល​​អ្នក​មិន​ធ្លាប់​ឃើញ​ពីមុន​” ដោយ​សង្កត់ធ្ងន់ថា ប្រទេស​របស់​គាត់​គឺជា “​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​”​។​

​លោក​ប្លីង​កិន​បាន​និយាយថា នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ការធានា​ដែល​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​នូវ​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​ខ្លួន​នៅពេលដែល​ពួកគេ​សុខចិត្ត​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​សម័យ​សូ​វៀត​​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​បាន​ផ្ញើ “​សារ​ដ៏​អាក្រក់​បំផុត​” ទៅកាន់​ប្រទេស​ទាំងឡាយ ដែល​គិតថា​ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​និង​រារាំង​ការឈ្លានពាន​៕

​អគ្គលេខាធិការ​អ​.​ស​.​ប លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស