ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាៈ គោលនយោបាយអាទិភាព លើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគ លើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជា ការបង្កលក្ខណៈងាយស្រួល ដល់យុវវ័យ អាចទៅបន្តការសិក្សាបាន។
បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់ កាន់តែច្រើន គ្រប់កម្រិត ជាធនធាន ប្រកបដោយគុណភាពខ្ពស់ ដែលបាននិងកំពុងចូលរួម ក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បែបនេះ នាឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២២-២០២៣ ចំនួន ២៤ រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។
លោក អ៊ិត សំហេង បានកោតសរសើរនូវសមត្ថភាព របស់មន្ត្រីវ័យក្មេង ដែលបានប្រឡង ជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍ ធនធានមនុស្ស។
ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង បានអបអរសាទរចំពោះនិស្សិតជ័យលាភី អាហារូបករណ៍ ដែលត្រូវទៅសិក្សា នៅប្រទេសជប៉ុន និងបានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាព ដែលបានបង្កើតឱកាសនេះ ជូនដល់និស្សិតរបស់យើង ជាយុវជន ហើយជឿជាក់ថា ការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះ នឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ ជាងពេលនេះ។ នេះជាការតបស្នងដែលល្អបំផុត សម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រឡាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេស ដែលផ្តល់អាហារូបករណ៍។
លោក អ៊ិត សំហេង បានរំលឹកពីប្រវត្តិខ្លះៗ ចាប់តាំងពីសម័យរំដោះ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបង្កើនធនធានមនុស្ស ប្រកបដោយសមត្ថភាព ទៅតាមយុទ្ធសាស្ត្ររបស់ សម្តេចតេជោ កាលពីមុនយើងមាន ផ្លូវ ទឹក ភ្លើង មនុស្ស តែឥឡូវនេះ មនុស្សជាធនធាន ទីមួយ ។ ក្នុងនោះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើជូនដល់ និស្សិតអាហារូបករណ៍ ក្រៅពីបទពិសោធន៍ ដែលរៀននៅក្នុងសាលា ត្រូវស្វែងយល់ពីបទពិសោធន៍នានាបន្ថែមទៀត ចូលរួមសកម្មភាពសង្គម ធ្វើខ្លួនជាយុវជនបន្តវេនរបស់កម្ពុជា។
ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យបានយល់ដឹង ពីវិស័យនេះ ដោយមានកម្មវិធីអាទិភាព ចំនួន៥ ដែលកំពុងអនុវត្តន៍ រួមមានៈ ការលើកកម្ពស់ល័ក្ខខ័ណ្ឌការងារ និងភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខ សង្គម និងការពង្រឹងសេវាគាំទ្រទូទៅ ដែលបានចូលរួមចំណែក ធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា មានការរីកចម្រើន ដោះស្រាយបញ្ហាការងារ កម្មករ និយោជិត មានប្រាក់ចំណូល កាន់តែប្រសើរ ការគាំពារសង្គម រហូតដល់ពេលនេះ មានដល់ប្រាក់សោធននិវត្តន៍ សម្រាប់បងប្អូន កម្មករ និយោជិត ដែលពុំធ្លាប់មានពីមុនមកសោះ ក្នុងប្រវត្តិសាស្ត្ររបស់ កម្ពុជា។
ព្រមជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់នូវព័ត៌មានខ្លះៗ ពីស្ថានភាពរបស់ប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ ប្រជាជនខ្ពស់ ប្រាក់ចំណូលក៏ខ្ពស់។ ជប៉ុន ក៏ជាប្រទេសមានបទពិសោធន៍ច្រើន ក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតអន្តរជាតិ ដូច្នេះ ទាមទារឲ្យនិស្សិតយើង ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ត្រូវចេះយកអាសាគ្នា ទៅវិញទៅមក ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទ នៃកូវីដ-១៩ និងត្រូវចូលរួម សកម្មភាពសង្គម ជួយផ្សព្វផ្សាយវប្បធម៌ជាតិ សភាពការណ៍ព័ត៌មានត្រឹមត្រូវ ពីក្នុងប្រទេសផងដែរ។
គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS នេះ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅ ពង្រឹងនិងពង្រីកចំណង មិត្តភាព រវាងប្រទេសកម្ពុជា-ជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ជាពិសេស គឺសម្រាប់មន្ត្រីរាជការ វ័យក្មេង ដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងការរួមចំណែកអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យបានល្អប្រសើរ នាពេលអនាគត៕/V