ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ ក្រុម​កីឡាករ កីឡាការិនី​​របស់​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​នាំយក​​មក​នូវ​មេដាយ ចំនួន ៣៣ គ្រឿង ជូន​ជាតិ​មាតុភូមិ និង​អង្គភាព​នៃ​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​១៩ ឆ្នាំ​២០២២ “The 19th World Police and Fire Games 2022” នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​។​

​សមិទ្ធផល​ដែល​ទទួលបាន​លើក​នេះ អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា ចម្រាញ់​ជ្រើសរើស កីឡាករ កីឡាការិនី ដែលមាន​សមត្ថភាព​ខ្ពស់ និង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហាត់ អស់ពី​កម្លាំងកាយ​ចិត្ត យ៉ាង​ខ្ជាប់ខ្ជួន តាំងពី ៦​ខែ​មុន​មកម្ល៉េះ ដើម្បី​ត្រៀម​ទៅ​ចូលរួម ព្រឹត្តិការណ៍ កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​១៩ ឆ្នាំ​២០២២ (The 19th World Police and Fire Games 2022) នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​។​

​ព្រឹត្តិការណ៍​ខាង​លើក​នេះ អង្គភាព បាន​បញ្ជូន​ប្រភេទ​កីឡា ចំនួន ៦ ប្រភេទ ទៅ​ចូលរួម ដែល​ក្នុងនោះ​មាន តេ​ក្វាន់​ដូ WT(World Taekwondo) វាយ​សី វាយ​កូនឃ្លី​លើ​តុ ចំបាប់ យូ​ដូ និង​កា​រ៉ា​តេ ហើយ​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២២ ដល់ ៣១ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ដណ្តើមបាន​មេដាយ ចំនួន ៣៣ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ១៥ គ្រឿង មេដាយប្រាក់ ចំនួន​៨ គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ១០ គ្រឿង ។​

​ប្រភេទ​កីឡា​យូ​ដូ បាន​មេដាយមាស​១ ប្រាក់​៣ និង​សំរិទ្ធ​១។ កីឡា​ចំបាប់ បាន​មេដាយ​​មាស​៣​ប្រាក់​១​សំរិទ្ធ​២ ។ យូ​ដូ បាន​មេដាយសំរិទ្ធ​៣ ។ វាយ​កូនឃ្លី​លើ​តុ បាន​មេដាយសំរិទ្ធ ១ ។ កា​រ៉ា​តេ​បាន​មេដាយមាស​ប្រាក់​២ សំរិទ្ធ​២ ។ វាយ​សី បាន​មេដាយប្រាក់​១ សំរិទ្ធ​១ ។ តេ​ក្វាន់​ដូ បាន​មេដាយមាស ៣ គ្រឿង​។ ចំបាប់​កាច់​ដៃ​(Wrist Wrestling) បាន​មេដាយមាស ៦ ប្រាក់​១ និង​ប្រភេទ​កីឡា​លើក​ទម្ងន់ បាន​មេដាយមាស ១​គ្រឿង ។​

​ជាមួយនឹង​ការដណ្ដើម​បាន​មេដាយ​នេះ ដើម្បី​ជាការ​លើកទឹកចិត្ត ក៏មាន​ការ​ដង្ហែ​ក្បួន​​តាម​រថយន្ដ កាត់​តាម​មហាវិថី​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ទៀតផង ៕/V​