ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ ដូច​អ្វីដែល​បានរៀបចំ​រួចមកហើយ​លោក ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា រដ្ឋមន្ត្រីការបរទេស ជប៉ុន​នឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស​នៅ​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០២២​ស្អែក​នេះ​។​វត្តមាន​របស់លោក​ក៏​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ ។​

​ក្នុង​ទស្សនកិច្ច​លើក​នេះ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​មានបំណង​បញ្ជាក់​ឡើងវិញ​នូវ​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។

លោក​ ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា រដ្ឋមន្ត្រីការបរទេស​ជប៉ុន(រូបថតឯកសារ)

​មុន​ដំណើរ​មកដល់​កម្ពុ​ជាមួយ​ថ្ងៃ លោក​ ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ផ្ញើ​សារ​ជូន​ចំពោះ ប្រជាជន​កម្ពុជា​ដែល​សារ​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​។​

​សារ​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បានសរសេរថា “​ជម្រាបសួរ ប្រជាជន​កម្ពុជា​ជាទី​រាប់អាន​។ ខ្ញុំ​ឈ្មោះ ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។ ចាប់ពី​ថ្ងៃស្អែក​ខ្ញុំ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក ដំបូង​ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​និង ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​អា​បេ​តាមរយៈ​ការ​បង្ហូត ទង់ជាតិ​ពាក់កណ្តាល​ដង​នៅក្នុង​ទូទាំងប្រទេស​កម្ពុជា ហើយ​ការផ្ញើ​លិខិត និង​សារ​រំលែក​ទុក្ខ​ជាច្រើន​។ កាយវិការ​ដ៏​កក់ក្ដៅ​ទាំងនេះ​បាន​លើកទឹកចិត្ត​ដល់​ខ្ញុំ​ផ្ទាល់​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ដោយ​ដឹងថា​មាន​មិត្ត​ជាច្រើន​នាក់​នៅ​ប្រទេស​កម្ពុជា​”​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​បញ្ជាក់ថា ក្នុង​ទស្សនកិច្ច​លើក​នេះ​លោក​មានបំណង​បញ្ជាក់​ឡើងវិញ​នូវ​ទំនាក់ទំនង ដ៏​រឹងមាំ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។​នា​ខែមីនា​កន្លងទៅនេះ​នាយករដ្ឋមន្ត្រី គិ​ស៊ិ​ដា បានធ្វើ​ទស្សនកិច្ច នៅ​កម្ពុជា​ហើយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បានចេញ​សេចក្តីថ្លែងការណ៍​រួម​ដោយ​បង្ហាញ​ពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​។​ប្រទេស​ជប៉ុន​នឹង​បន្ត​ខិតខំ​ធ្វើការ​ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ឲ្យ​ចេញ​ជា​សហប្រតិបត្តិ​ការជាក់ស្តែង​ជាមួយ​ប្រជាជន​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​លោក​នឹង​ជួបពិភាក្សា ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែលជា​សម​ភាគី​របស់​ខ្ញុំ ជាពិសេស​អំពី​វិវត្តន៍​នៃ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលជា​កំពង់ផែ​ស្នូល​របស់​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​។

​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​បញ្ជាក់ថា​លោក​ក៏​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ​។ ខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​ចំពោះ​លោក​ប្រាក់ សុខុន រួមទាំង​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​និង​សម្របសម្រួល​កិច្ចប្រជុំ​ទាំងនេះ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញ ដូចជា​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន កូរ៉េខាងជើង មី​យ៉ាន់​ម៉ា និង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ កិច្ចប្រជុំ​នានា​ដែល​ធ្វើឡើង​ក្នុងស្ថានភាព​បែបនេះ​មាន​សារសំខាន់​ជា​វេទិកា​មួយ​ដើម្បី​បញ្ជាក់ និង​ផ្សព្វផ្សាយ​ពី​តម្លៃ និង​គោលការណ៍​ដែល​សហគមន៍​អន្តរជាតិ​គួរតែ​ប្រកាន់ខ្ជាប់​។​

​ក្នុង​សារ​ដដែល​របស់លោក ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា បាន​បន្តថា “​លោក លោកស្រី ក្មួយៗ​ជាទី​មេត្រី តើ​ជ្រាប​ទេ​ថា ខ្ញុំ​បាន​ចង់​សាកល្បង​អ្វី ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​? ខ្ញុំ​ជា​អ្នកគាំទ្រ​ម្ហូប​ខ្មែរ ដែល​ខ្ញុំ​បាន​ទៅ​ភោជនីយដ្ឋាន​ខ្មែរ​ក្នុង​ទីក្រុង​តូ​ក្យូ​ជា​ញឹកញាប់​។ ពេលនេះ​ខ្ញុំ​ទន្ទឹងរង់ចាំ​ភ្លក់​រសជាតិ​ដើមកំណើត​នៃ​ម្ហូប​ខ្មែរ​ដូចជា​អា​ម៉ុក​”​។​

​លោក ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា ក៏បាន​ជូនពរ​ឱ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំងអស់​ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ និង​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​កាន់តែ​រីកចម្រើន​៕ សរន