ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលា ខេត្តកំពង់ឆ្នាំង បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​ការដាក់ឱ្យ​អនុវត្ត របប​សន្ដិសុខ​សង្គម ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ច្បាប់​ស្ដីពី​ការងារ ក្រោម​អធិបតីភាព​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក ប​.​ស​.​ស​.​និង​លោក ឈិន សេង​ងួន អភិបាលរង​​ខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ តំណាង​និយោជក សហជីព និង​កម្មករ និយោជិត ចូលរួម​សរុប​ប្រមាណ ៤០០ នាក់ ។​

​លោក ឈិន សេង​ងួន បាន​មានប្រសាសន៍ថាៈ សិក្ខាសាលា​ផ្សព្វផ្សាយ​របប​សន្ដិសុខ​សង្គម ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ច្បាប់ ស្ដីពី​ការងារ មាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង ឱ្យ​កាន់តែច្បាស់ និង​ឆាប់រហ័ស ជូន​ដល់​និយោជក និង​កម្មករ និយោជិត នៅ​ទូទាំងប្រទេស ដែលមាន​កាតព្វកិច្ច​ដ៏​សំខាន់​ក្នុងការ​អនុវត្ត​របប​សន្ដិសុខ​សង្គម ផ្នែក​ប្រាក់​សោធន ដូចនេះ សមាជិក សមាជិកា នៃ​អង្គសិក្ខាសាលា​ទាំងអស់ ត្រូវ​ស្តាប់​នូវ​បទ​បង្ហាញ ដែល​ប្រតិភូ​ជា មន្ត្រី​ជំនាញ និង​ពន្យល់​នៅពេលនេះ ហើយ​បើ​មាន​ចម្ងល់ ត្រូវ​សួរ ដើម្បី​យកទៅ​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យស្រប​តាមច្បាប់​។​

​ក្រោយពី​ប្រតិភូ​ដែលជា​មន្ត្រី​ជំនាញ បានធ្វើ​បទ​ប​ង្ងា​ញ​រួចមក លោក អ៊ុក សមវិទ្យា បាន​មានប្រសាសន៍ថាៈ របប​សន្ដិសុខ​សង្គម ផ្នែក​ប្រាក់​សោធន ថ្មី​នេះ គឺជា​ការរួមចំណែក យ៉ាងសំខាន់ ក្នុង​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​កាត់បន្ថយ​នូវ​គម្លាត ប្រាក់ចំណូល រវាង​អ្នកមាន និង​អ្នកក្រ ដើម្បី​ធានាឱ្យមាន​ស្ថេរភាព និង​ភាពសុខដុមរមនា នៅក្នុង​សង្គម​។ ជាពិសេស នៅពេលដែល​បងប្អូន ដល់​អាយុ​ចូល​​និវត្តន៍ វ័យ​កាន់តែ​ចាស់ សុខភាព​ចុះខ្សោយ មិនអាច​ប្រក​បរបរ ឬ​ធ្វើការ​ពេញលេញ ដើម្បី​រកប្រាក់​ចំណូល​បាន​នោះ បងប្អូន​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ អាច​ធ្លាក់ចូល​ក្រោម​បន្ទាត់​ភាពក្រីក្រ ព្រោះ​នៅពេលដែល​ឈឺ​គ្មាន​ថវិកា ដើម្បី​ព្យាបាល ប៉ុន្ដែ​នៅពេលដែល​បងប្អូន មាន​ផ្នែក​ប្រាក់​សោធន​នេះ បងប្អូន​នឹង​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ រួមទាំង​ការថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​លោក​បាន​មានប្រសាសន៍​បន្តទៀតថាៈ ក្រោយពី​សិក្ខាសាលា​នេះ​ទៅ បងប្អូន​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ផ្ដល់​ទីតាំង និង​អនុញ្ញាតឱ្យ​កម្មករ និយោជិត ចូលរួម​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ទទួលបាន​ការយល់ដឹង កាន់តែច្បាស អំពី​ការចូលរួម​អនុវត្ត កាតព្វកិច្ច និង​អត្ថប្រយោជន៍ ដែល​ត្រូវ​ទទួលបាន ជាពិសេស បន្ទាប់ពី​ទទួលបាន ការផ្សព្វផ្សាយ របប​សន្ដិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​នេះ​រួច​ត្រូវ​ផ្សព្វផ្សាយ​បន្ត ទៅកាន់​អ្នក​ដែល​រស់នៅ ក្នុង​មូលដ្ឋាន​របស់ខ្លួន ប្រកបដោយ​ភាពត្រឹមត្រូវ ច្បាស់លាស់ ភាព​ទទួលខុសត្រូវ ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ដោយ​សម្រេចបាន​លទ្ធផល​ល្អ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕/V​