ដោយៈ សុផានីតា / កោះកុង៖ ក្រុមមន្ត្រីជំនាញ នៃគណៈកម្មាធិការសន្តិសុខលំហសមុទ្រ អាជ្ញាធរខេត្តកោះកុង និងមន្ទីរអង្គភាព បានជួបប្រជុំពិភាក្សា ផ្លាស់ប្តូរព័ត៌មាន ពីបច្ចុប្បន្នភាព នៃបញ្ហាប្រឈមរក្សាសន្តិសុខ និងទំនាក់ទំនង បង្ក្រាបបទល្មើសលើលំហសមុទ្រ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង ប្រធានក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការ សន្តិសុខលំហសមុទ្រ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែសីហា នេះថាៈ មន្ត្រីជំនាញគណៈកម្មាធិការ សន្តិសុខលំហសមុទ្រ បានយល់ដឹងច្រើនពី បញ្ហាប្រឈមចំពោះមុខ រយៈកាល ២ ឆ្នាំ ព្រោះតែវិបត្តិកូវីដ ដែលមិនអនុវត្តការងារ បានពេញលេញ។
មុននឹងឆ្លើយតប ដោះស្រាយ ទៅតាមតម្រូវការរបស់ខេត្ត ជាប់សមុទ្រទាំង ៤ ខេត្ត រួមមាន កោះកុង ព្រះសីហនុ កំពត និងកែប លោក សួន សំណាង បានបញ្ជាក់ថាៈ ខេត្តកោះកុង ត្រូវបន្តទាមទារប្រមូលព័ត៌មានទិន្នន័យ ជាក់លាក់មួយ បម្រើការពង្រឹងថែរក្សាសន្តិសុខ កិច្ចអភិវឌ្ឍន៍ និងបង្កើនការទំនាក់ទំនង បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ នៅលើផ្ទៃសមុទ្ររបស់កម្ពុជា។
គួរជម្រាបថា ភាពធូរស្រាល និងការបើកទ្វារប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ ជំងឺកូវីដ១៩ បញ្ហាសន្តិសុខលំហសមុទ្រ ត្រូវបានយកចិត្តទុកដាក់ រឹតបន្តឹងការពារថែក្សា និងដាក់ចេញនូវវិធានការសំខាន់ ដើម្បីបង្ក្រាបទប់ស្កាត់ជាថ្មី។
លោកឧត្តមសេនីយ៍ឯក សួន សំណាង ពន្យល់ក្រោយបញ្ចប់កិច្ចប្រជុំបច្ចុប្បន្នភាពព័ត៌មាន ពាក់ព័ន្ធនឹងសន្តិសុខលំហសមុទ្រ តាមភូមិសាស្ត្រ និងតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុងថាៈ កន្លងទៅ ក្រុមការងារជំនាញ បានចុះល្បាត និងជួយសង្គ្រោះប្រជានេសាទ ដែលរងគ្រោះធម្មជាតិ លិចទូក ឆេះទូក បង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងតាមរកមុខសញ្ញា លួចឆ្លងដែន ជាដើម។
ទាក់ទិននឹងបញ្ហាសន្តិសុខលំហសមុទ្រនេះដែរ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បានលើកឡើងថាៈ អាជ្ញាធរ និងមន្ទីរជំនាញរបស់លោក គឺបានអនុវត្តការងារ ចូលរួមថែរក្សា សន្តិសុខលំហសមុទ្រយ៉ាងជិតស្និត តាមរយៈកិច្ចសហការ ជាមួយមន្ទិីរជំនាញ ចុះល្បាត បង្ក្រាបបទល្មើសនានាលើផ្ទៃទឹក ចៀសវាងមានជនខិលខូច មួយចំនួន ប្រព្រឹត្តបទល្មើស ឆ្លងដែនខុសច្បាប់ ឬធ្វើប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ផ្ទៃសមុទ្រ។
លោកអភិបាលរងខេត្តកោះកុង បានបន្តថាៈ អាជ្ញាធរ សហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត បាននឹងកំពុងស្រង់ស្ថិតិ ឱ្យច្បាស់លម្អិតឡើងវិញ ទៅលើចំនួនដែនកោះ ដែលខេត្តមាន ដើម្បីគ្រប់គ្រងកោះ ដែលជាទ្រព្យសម្បត្តិរដ្ឋ កោះស្ថិតនៅក្រោមការវិនិយោគ ពីវិស័យឯកជន ទប់ស្កាត់នេសាទ ទំនិញគេចពន្ធ និងគ្រឿងញៀន ពីសំណាក់ជនបរទេស។
កន្លងទៅ ការនេសាទឆ្លងដែនខុសច្បាប់ ដោយសារតែហេតុផលចំនួន២ ទី១ ជនបរទេស មានចេតនាចូលលុកលុយនេសាទក្នុ ងដែនសមុទ្រកម្ពុជា និងទី២ ការនេសាទជ្រុល ដោយពុំមានដែនខ្លួន តាមរយៈការបម្លាស់ទីរបស់ពពួកធនធានជលផលសមុទ្រ៕/V