ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុដោយសារបើកម៉ូតូឆ្លងផ្លូវ ត្រង់ចំណុចផ្លូវបំបែកជាបី ហើយត្រូវឡានក្រុងដឹកអ្នកដំណើរ បុក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង២០ នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ម្ដុំស្ថានីយលក់ប្រេងសាំង ប៉ោ វណ្ណៈ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ បុរសរងគ្រោះដល់ស្លាប់ គឺជាអ្នកបើកបរម៉ូតូ ឈ្មោះ យឿន យ៉ាត អាយុ ៤២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថាៈ មុនពេលកើតហេតុ រថយន្តក្រុង ដឹកអ្នកដំណើរមួយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-8717 បានបើកបរពីទិសខាងលិច ទៅខាងកើត ហើយនៅពេលបើកបរ ដល់ផ្លូវបំបែកជាបី ស្រាប់តែមានម៉ូតូម៉ាក ហុងដា ហ្សូ៊មើ ពណ៌ក្រហម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1P-3843 បើកបរពីទិសខាងត្បូងទៅខាងជើង បានឆ្លងផ្លូវ បណ្តាលរថយន្តក្រុងដឹកអ្នកដំណើរ បុកយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើក ម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្ត បានចតទុករថយន្តចោល ហើយរត់គេចខ្លួនបាត់។ ករណីនេះ ធ្វើឱ្យម៉ូតូ ខូចខាតធ្ងន់ រថយន្តខូចខាតស្រាល ហើយសមត្ថកិច្ចជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ។
មន្ត្រីនគរបាលជំនាញ បានឱ្យដឹងថាៈ មូលហេតុ បណ្ដាលមកពីអ្នកបើកម៉ូតូ បើកបរមិនគោរពសិទ្ធិអាទិភាព ត្រង់ផ្លូវបំបែកជាបី៕/V