ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,​ស្ពុ​ត​និច​)៖ យន្តហោះ​កងទ័ពអាកាស​អាម៉េរិក​មួយ​ដែល​បាន​ដឹក​ប្រធានសភា​អាម៉េរិក​ពី​សិង្ហ​បុរី​មកកាន់​ម៉ាឡេស៊ី​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​​គូ​ឡា​ឡាំ​ពួរ​របស់​ម៉ាឡេស៊ី នេះ​បើ​តាម​គេហទំព័រ​តាមដាន​ការហោះហើរ Flightradar24​និង​សាក្សី​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រមិន​អាច​បញ្ជាក់​ថា​តើ​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​បាន​ស្ថិត​ក្នុង​យន្តហោះ​នោះ​ដែរ​ឬ​អត់​ទេ​។​អ្នក​ដែល​ដឹង​រឿង​នេះ​បាន​និយាយថា​លោកស្រី​ប្រធាន​សភា​អាម៉េរិក​ត្រូវ​ទៅដល់​​ទីក្រុង​តៃប៉ិ របស់​តៃវ៉ាន់​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​២​សីហា​។

​​ដំណើរ​ទស្សនកិច្ច​តក់​ក្រហល់​របស់ផេ​ឡូ​ស៊ី​បង្ក​បញ្ហា​តានតឹង តែ​ដូចជា​មិន​ផ្តល់​ផ្លែផ្កា​ឬ​កិច្ចព្រមព្រៀង​ធំដុំ​អី​មួយ​ទេ​

​មុន​យន្តហោះ​ចេញដំណើរ ចិន​បាន​ព្រមាន​អាម៉េរិក​ថា​នឹង​«​សង​នូវ​តំលៃ​មួយ​» បើសិនជា​ផេ​ឡូ​ស៊ី ធ្វើ​ទស្សនកិច្ច​តៃវ៉ាន់​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួ ជុន​យី​ង (Hua Chunying)​បាន​និយាយថា​« ភាគី​អាម៉េរិក​នឹង​ទទួលខុសត្រូវ ហើយ​នឹង​សង​តំលៃ​ចំពោះ​ការ​ធ្វើ​អោយ​ខូច​ផលប្រយោជន៍​សន្តិសុខ​អធិបតេយ្យភាព​ចិន​»​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ កងទ័ព​រំដោះប្រជាជន​ចិន បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់​ពី​ចាប់ផ្តើម​ធ្វើ​លំ​ហា​ត់បាញ់​គ្រាប់​ពិត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​តាំងពី​ថ្ងៃ​សៅរ៍​មក ចំពេល​​មាន​ភាព​តានតឹង​ជុំវិញ​ពាក្យ​លេច​ឭ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​អាម៉េរិក​នៅ​តៃវ៉ាន់​។​

​រដ្ឋ​បាន​សុវត្ថិភាព​សមុទ្រ​ចិន​បានប្រកាសថា សមយុទ្ធ​យោធា​នេះ​នឹង​ត្រូវ​ធ្វើ​ក្នុង​តំបន់​មួយ​របស់​សមុទ្រ​ចិន​ខាងត្បូង ចាប់ពី​ថ្ងៃទី​២​សីហា​រហូត​ដល់​ចុង​ថ្ងៃ​៦​សីហា ហើយ​ការបើក​ចូល​របស់​នាវា​ផ្សេងៗ​នឹង​​ត្រូវ​ហាមឃាត់​។​

​សមយុទ្ធ​យោធា​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ជុំវិញ​ផែនការ​ធ្វើ​ទស្សនកិច្ច​តែ​មិន​ត្រូវ​បាន​បញ្ជាក់​របស់​ប្រធានសភា​អាម៉េរិក​ដើម្បី​​លើកទឹកចិត្ត​ក្រុមប្រឆាំង​ការគ្រប់គ្រង​របស់​ចិន​ប៉េកាំង​លើ​កោះ​សេរីនិយម​នេះ​។​

​ចិន​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​ផ្តាច់ខ្លួន​របស់ខ្លួន ដែល​នៅ​រង់ចាំ​ពេល​បង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​វិញ​តែប៉ុណ្ណោះ ហើយ​ប្រឆាំង​នឹង​ការទាក់ទង​ណាមួយ​រវាង​តំណាង​តៃវ៉ាន់​និង​មន្ត្រី​ជាន់ខ្ពស់​ឬ​​មេដឹកនាំ​យោធា​មកពី​ប្រទេស​ផ្សេងៗ​៕

កងទ័ពជើងទឹកចិនចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង