​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​សីហា​ថា សង្គ្រាម​នុយក្លេអ៊ែរ​ត្រូវតែ “​មិន​ដែល​ចាប់ផ្តើម​នោះឡើយ​”​បន្ទាប់​ពី​ភាព​តានតឹង​កាន់តែខ្លាំង​​ឡើង​រវាង​ទីក្រុង​មូ​ស្គូ​និង​អង្គការ​ណា​តូ ដោយសារ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​លោកពូ​ទីន​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ទៅ​កាន់​អ្នកចូលរួម​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីក្រុង​ញូវយ៉ក​ថា​”​ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​មិន​រីក​សាយភាយ​​អាវុធ​នុយក្លេអ៊ែរ​និង​ជា​អ្នក​តម្កល់​ទុក​សន្ធិសញ្ញា​នេះ​មួយ​ដែរ រុស្ស៊ី​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លិខិត និង​ស្មារតី​នៃ​សន្ធិសញ្ញា​”​។​

“​យើង​បន្ត​ពី​ការពិត​ដែល​ថា​មិន​អាច​មាន​អ្នកឈ្នះ​នៅក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​ទេ ហើយ​វា​មិន​គួរ​ត្រូវ​បាន​បញ្ចេញ​នោះ​ឡើយ​ហើយ​យើង​គាំទ្រ​សន្តិសុខ​ស្មើគ្នា​និង​មិន​អាច​បំបែក​បាន​សម្រាប់​សមាជិក​​ទាំងអស់​នៃ​សហគមន៍​ពិភពលោក​”​។​

​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ព្រមាន​នៅ​ថ្ងៃ​ដដែល​នោះ​ថា មនុស្សជាតិ​នៅសល់តែ​”​ការប៉ាន់ប្រមាណ​ខុស​មួយ​ប៉ុណ្ណោះ​ពី​ការបំផ្លិចបំផ្លាញ​ដោយ​អាវុធ​នុយក្លេអ៊ែរ​”​ខណៈ​​ពិភពលោក​ប្រឈមមុខ​នឹង​ការគំរាមកំហែង “​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ចាប់តាំងពី​ចំណុចកំពូល​នៃ​សង្គ្រាមត្រជាក់​”​។​

“​យើង​មាន​សំណាង​អស្ចារ្យ​ណាស់​រហូតមកទល់​ពេលនេះ​។ ប៉ុន្តែ​សំណាង​មិនមែន​ជា​យុទ្ធសាស្ត្រ​ទេ​”​។

​ចិន រុស្ស៊ី អង់គ្លេស អាម៉េរិក និង​បារាំង​បាន​ព្រមព្រៀង​គ្នា​ថា ការរីក​សាយភាយ​បន្ថែម​ទៀត​នៃ​អាវុធ​នុយក្លេអ៊ែរ​និង​សង្គ្រាម​នុយក្លេអ៊ែរ​គួរតែ​ត្រូវ​បាន​បញ្ចៀស​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​​របស់​រដ្ឋ​នុយក្លេអ៊ែរ​ទាំង​ប្រាំ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​ដោយ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ​៕

​លោកពូ​ទីន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​នឹង​មិន​មាន​អ្នកឈ្នះ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ ដូច្នេះ​មិន​គួរ​ចាប់ផ្តើម​វា​ទេ​”