ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ជាផ្លូវការនៅថ្ងៃទី០៣ ខែសីហា ស្អែកនេះដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន ៩ រួមនឹងរដ្ឋមន្ត្រីការបរទេសនិងតំណាងនានារបស់ប្រទេស ជាច្រើនទៀតដែលកម្ពុជាបានអញ្ជើញក្នុងនាមជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញពេលនេះក៏នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស អាមេរិក ,រដ្ឋមន្ត្រីការបរទេសរុស្ស៊ី , រដ្ឋមន្រ្តីការបរទេសចិន , រដ្ឋមន្រ្តីការបរទេសជប៉ុន តែមិនមានរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងមីយ៉ានម៉ាទេ។

កិច្ចប្រជុំមានការចូលរួមពីររដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាចពិភពលោកតំបន់ និងប្រទេសពាក់ព័ន្ធរហូតដល់ទៅ ៣៩ ដោយនៅក្នុងនោះមានរដ្ឋមន្រ្តី ការបរទេសចំនួន ២៧រូបមកពីប្រទេសមហាអំណាចដែលមាននុយក្លេអ៊ែរដូចជា អាមេរិក រុស្ស៊ី ចិន ជប៉ុន អង់គ្លេស សហភាពអឺរ៉ុប ប៉ាគីស្ថាន ឥណ្ឌា កូរ៉េខាងជើ ងនិងប្រទេសពាក់ព័ន្ធដទៃទៀតដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ានក្រោមការរៀបចំដោយកម្ពុជា ។

នៅតំបន់អាស៊ានរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន ៩ នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះតែមិនមានមីយ៉ាន់ម៉ាទេដោយរដ្ឋាភិបាលរបបសឹកមួយនេះត្រូវគេ ផាត់ចោលព្រោះតែមិនបានអនុវត្តជាផ្លែផ្កានូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន ។

ក្រៅពីនោះក៏មានរដ្ឋមន្រ្តីការបទេសប្រទេសចំនួន ១២ ផ្សេងទៀតដែលជាភ្ញៀវរបស់កម្ពុជាដែលជាប្រធានអាស៊ានផងដែរ ។ ក្រៅពីកិច្ចប្រជុំសំខាន់ៗទាំងនេះកម្ពុជាក៏នឹងរៀបចំព្រឹតិ្តការណ៍សំខាន់ៗមួយចំនួនទៀតដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង់គ្លេសជាលើកទី១ ការពង្រីកសន្ធិសញ្ញាមិត្ត ភាពនិង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ជាមួយប្រទេសចំនួន ៦ បន្ថែមទៀតដោយប្រទេសបីមកពីអឺរ៉ុប មាន ដាណឺម៉ាក ក្រិក និង ហូឡង់និងប្រទេសបីទៀត មកពីមជ្ឈិមបូព៌ាគឺ អូម៉ង់ កាតា និង អារ៉ាប់រួមអេមីរ៉ាត ៕