ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់ រងគ្រោះដោយសារ គ្រាប់មីន និងបន្តរំដោះឱ្យអស់ផ្ទៃដី ដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្តប្រែក្លាយផ្ទៃដី ដែលមានហានិភ័យ ឱ្យទៅជាផ្ទៃដី បង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹម ដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន។ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយមាន ការចូលរួមពី អាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជា សូន្យមីន ក្នុង ឆ្នាំ២០២៥”។
នេះជាការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីរាត្រីស្រមោសរដើម្បី ប្រមូលថវិកា សម្រាប់ជួយដល់ការដោះមីន នៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយ សភាពាណិជ្ជកម្មម៉ាទ្បេស៊ី ប្រចាំកម្ពុជា(MBCC) និងអាជ្ញាធរមីនកម្ពុជា (CMAA) នៅណាហ្គាវើល រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាៈ តាមរយៈនយោបាយ ឈ្នះឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេស ដែលជោកជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ឆាប់រហ័ស ហើយ ជោគជ័យនេះ សម្រេចទៅបាន ដោយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ព្រមជាមួយនឹងការចូលរួម យ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាព ពេញលេញ មិនមានការបាត់បង់ជីវិត ដោយសារសង្គ្រាម តែកាកសំណល់សង្គ្រាម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខ តាម យាយីឆក់យកអាយុជីវិត អវៈយវៈ និងឱកាសរបស់ប្រជាពលរដ្ឋ ពីការចូលរួមពេញលេញ ក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី នៅកម្ពុជា ចំពោះទឹកចិត្តសប្បុរសធម៌ មនុស្សធម៌ ក្នុងការចូលរួមគាំទ្រ ដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជា។
សូមរម្លឹកថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជា បានរំដោះដី ដែលមានមីន ទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញ និងបំផ្លាញចោលនូវ មីនប្រឆាំងមនុស្ស ចំនួន ១.១៤០.៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះ ចំនួន ២៦.០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាម ចំនួន ៣.០០៣.៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋ ចំនួន ៧.៣៦៣.៣៤៤ នាក់ សើ្មនឹង ៣.៣៦៤.៣៨៧ គ្រួសារ៕/V