ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានស្នើ​ឱ្យ​មន្ត្រី​រដ្ឋបាលខេត្ត ពាក់ព័ន្ធ ជំរុញ ដល់​វិស័យ​ឯកជន​ទាំងអស់ ត្រូវបំពេញ​បែបបទ ស្នើសុំ​ប័ណ្ណ​ប៉ាតង់ ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ ឱ្យមាន​ប្រសិទ្ធភាព ខណៈដែល សាលាខេត្ត​នេះ គ្រោង​ថវិកា​ប្រមាណ​ជិត ប្រាំ​លាន ដុល្លារ ដើម្បី​ជួសជុល កែលម្អ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ សរុប​ចំនួន ១៨ សម្រាប់​ឆ្នាំ​២០២៣ នៅ​ឆ្នាំ​ក្រោយនេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បានស្នើ​យ៉ាង​ដូច្នេះ ដល់​មន្ត្រី​ជា​ប្រធាន​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ទាំងអស់ ក្នុង​កិច្ចប្រជុំ​ពិភាក្សា លើ​សេចក្តីព្រាង​គម្រោង​ចំណូល ចំណាយ ថវិកា​រដ្ឋបាលខេត្ត សម្រាប់​គ្រប់គ្រង​ចំណាយ ឆ្នាំ​២០២៣ នៅ​សាលាខេត្ត​កំពង់ចាម នៅ​ថ្ងៃទី ២ សីហា​នេះ​។​

​ក្រោយពី​ការ​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ លើ​កិច្ចខិតខំ​ប្រឹង​ប្រែ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បានរួម​ចំណែក​បំពេញភារកិច្ច សម្រេចបាន​លទ្ធផល​ការងារ​គ្រប់គ្រង ប្រមូល​ចំណូល​ពន្ធ យ៉ាង​ល្អប្រសើរ កន្លងទៅ លោក​បាន​បន្តថាៈ ដើម្បីឱ្យ​កាន់តែ​ប្រសើរ បន្ថែមទៀត គឺ​ចាំបាច់​ជំរុញ​ដល់​ក្រុមហ៊ុន សហគ្រាស ដែល​ប្រកប​អាជីវកម្ម​នានា ត្រូវបំពេញ​បែបបទ ស្នើសុំ​ប័ណ្ណ​ប៉ាតង់ ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក​បាន​បន្ថែមថាៈ មន្ត្រី​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ទាំងអស់ ធ្វើយ៉ាងណា ត្រូវ​ពង្រឹង​ការគ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ ឱ្យមាន​ប្រសិទ្ធភាព គឺ​ជៀសវាង​ការបាត់បង់​ប្រាក់ចំណូល​របស់​ជាតិ ក៏ដូចជា​ថវិកា សម្រាប់ធ្វើ​ការអភិវឌ្ឍ ក្នុង​ខេត្តកំពង់ចាម​។​

​សូមបញ្ជាក់ថា សាលាខេត្ត​កំពង់ចាម បានគ្រោង​ថវិកា ប្រមាណ ១៩.៣៨៦.៩០០.០០០ រៀល ប្រហែល​ជិត ប្រាំ​លាន ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា មានដូចជា ការថែទាំ​ដីធ្លី សួនច្បារ ព្រៃឈើ ជួសជុល​អគារ​នានា ប្រាសាទ ស្ពាន ផ្លូវលំ ផ្លូវ​សំបុកមាន់ ស្លាក​សញ្ញា​ចរាចរណ៍ ក្នុង​ក្រុង​កំពង់ចាម និង​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ សរុប​ចំនួន ១៨ គម្រោង សម្រាប់​ឆ្នាំ​២០២៣ ខាងមុខនេះ​៕/V​