ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ ក្រសួងផែនការ និងមន្ទីរផែនការ ខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់ លទ្ធផលបឋម កាសិក្សាវាយតម្លៃ តម្រូវការបណ្តុះបណ្តាល លើការងារផែនការ គោលនយោបាយ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដល់មន្ត្រីនៃមន្ទីរផែនការ មកពីបណ្តាខេត្ត និងរាជធានី ខេត្ត ទាំង ២៥ ។
សិក្ខាសាលានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារីទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ជាច្រើននាក់។
នៅក្នុងឱកាសសិក្ខាសាលានេះ លោក ស៊ុន សុវណ្ណារីទ្ធិ បានគូសបញ្ជាក់ថាៈ ខេតកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលទទួលបានការអភិវឌ្ឍលើកគ្រប់វិស័យ ជាបន្តបន្ទាប់ តាមកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ។ ខេត្តកំពង់ឆ្នាំង ជាខេត្តដែលមាន សក្តានុពល ពឹងផ្អែកលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ទាក់ទាញបានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។
ចំពោះចក្ខុវិស័យរបស់ខេត្តកំពង់ឆ្នាំង នាពេលខាងមុខ រដ្ឋបាលខេត្ត នឹងពង្រឹងឱ្យកាន់តែខ្លាំង បន្ថែមទៀត លើវិស័យកសិកម្ម ដែលមានស្រាប់ ដើម្បីទាក់ទាញ និងស្រូបយកអ្នកវិនិយោគ ចូលមកបណ្តាក់ទុន តាមរយៈការរៀបចំវារីវប្បកម្ម ចិញ្ចឹមត្រី បង្កង និងចិញ្ចឹមសត្វចៀម និងពពែ ។
នៅក្នុងឱកាសនោះដែរ លោក ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ បានគូសបញ្ជាក់ ថាៈ សិក្ខាសាលាដែលរៀបចំឡើង នាពេលនេះ គឺដើម្បីពិនិត្យ និងពិភាក្សា និងប្រមូល មតិយោបល់ ឬធាតុចូលបន្ថែម ដើម្បីកែលម្អលទ្ធផល នៃការសិក្សាវាយតម្លៃ តម្រូវការបណ្តុះបណ្តាលនេះ ។
លោក បានបញ្ជាក់ទៀតថាៈ សិក្ខាសាលានេះ ពិតជាមានតម្លៃ ក្នុងការពិនិត្យឡើងវិញ អំពីបញ្ហាប្រឈមនានា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងជួបប្រទះ ក្នុងដំណើរការ នៃការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណ ក៍ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមវិស័យនានា រួមទាំងគោលនយោបាយជាតិ ប្រជាជនផងដែរ ។
បទពិសោធន៍ក្នុងដំណើរការរៀបចំផែនការសកម្មភាព ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ នៃគោលនយោបាយជាតិ ២០១៦-២០៣០ បានបង្ហាញអំពី ចំណុចខ្វះខាត ពាក់ព័ន្ធ និងដំណើរការរៀបចំផែនការ គោលនយោបាយ និងការតាមដានត្រួតពិនិត្យ វាយតម្លៃ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ មិនឆ្លើយតបទៅនឹងតម្រូវការ។
លោកបានបញ្ជាក់ទៀតថាៈ តាមរយៈនៃសិក្ខាសាលានេះ នឹងទទួលបាននូវធាតុចូល សំខាន់ៗ ជាត្រីវិស័យ ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ ឱ្យស្របតាមទំហំការងារ ដែលឆ្លុះបញ្ចាំង តាមរយៈចក្ខុវិស័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕/V