ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តម្លៃ​ប្រេង​ធ្លាក់ចុះ​ទាប​កាលពី​ថ្ងៃ​អង្គារ​ទី​២​សីហា ខណៈ​វិនិយោគិន​មើលឃើញ​ទស្សនវិស័យ​ដ៏​អាប់អួរ​សម្រាប់​តម្រូវកា​រ​ប្រេងឥន្ធនៈ​ខណៈ​ទិន្នន័យ​ចង្អុលបង្ហាញ​ពី​​ការធ្លាក់ចុះ​នៃ​ផលិតកម្ម​សកល ស្របពេល​ដែល​អ្នក​ផលិត​ប្រេង​ឆៅ​ធំៗ​ហៀបនឹង​ជួបប្រជុំគ្នា​ក្នុង​សប្តាហ៍​នេះ​ដើម្បី​កំណត់​ថា​តើ​ត្រូវ​បង្កើន​ការផ្គត់ផ្គង់​ដែរ​ឬ​អត់​។​

​ប្រេង​ឆៅ​របស់​ទីផ្សារ Brent បាន​ធ្លាក់ចុះ ២៤ សេន ឬ ០,២% មក​នៅត្រឹម ៩៩,៨២ ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ម៉ោង ០៦៖៣៤ ម៉ោង​សកល ខណៈ​ប្រេង​ឆៅ​នៅ​ទីផ្សារ WTI ធ្លាក់ចុះ ១០ សេន ឬ ០,១% មក​នៅត្រឹម ៩៣,៧៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ការធ្លាក់ចុះ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ប្រេង​ឆៅ​របស់​ទីផ្សារ Brent បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ​មក​នៅត្រឹម ៩៩,០៩ ក្នុង​មួយ​បារ៉ែល ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃទី ១៥ ខែកក្កដា​។ ស​ន្ទ​ស្សន៍​​តម្លៃ​ប្រេង​ឆៅ​របស់​សហរដ្ឋ​អាម៉េរិក​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មក​ត្រឹម ៩២,៤២ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​តម្លៃ​ខ្សោយ​បំផុត​ចាប់តាំងពី​ថ្ងៃទី ១៤ ខែកក្កដា​។​

​លោក អេ​ដវ៉ា​ដ ម៉ូ​យ៉ា (Edward Moya) អ្នកវិភាគ​ទីផ្សារ​ជាន់​ខ្ពស់​មក​ពី OANDA បាន​និយាយ​នៅក្នុង​កំណត់ចំណាំ​មួយ​ថា​”​តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​បន្ទាប់ពី​ទិន្នន័យ​សកម្មភាព​រោងចក្រ​ជាច្រើន​​បាន​លើកឡើង​ថា​ពិភពលោក​កំពុង​ឆ្ពោះទៅរក​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ដ៏​ធំ​និង​នៅលើ​ការរំពឹង​ទុក​សម្រាប់​ទិន្នផល​ប្រេង​កាន់តែ​ច្រើន​បន្ទាប់​ពី​រដូវ​កាល​កើប​ប្រាក់ចំណូល​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ប្រេង​​នានា​”​។

​ការព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​បាន​កើន​ឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ការស្ទង់មតិ​ពី​សហរដ្ឋ​អាម៉េរិក អឺរ៉ុប​និង​អាស៊ី​បាន​បង្ហាញថា រោងចក្រ​បាន​ជួប​ការលំបាក​ក្នុង​ការ​ស្ទុះ​ងើប​ឡើងវិញ​នៅក្នុង​ខែ​កក្កដា​។ តម្រូវការ​សកល​ថយ​ចុះ​និង​ការដាក់កំហិត​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​នៅ​ចិន​បានធ្វើឱ្យ​ផលិតកម្ម​ថយចុះ​។​

​ការធ្លាក់​ចុះ​តម្លៃ​នេះ​ក៏​កើត​ឡើង​ផងដែរ នៅពេល​ដែល​អ្នកចូលរួម​ទីផ្សារ​កំពុង​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ពុធ​ស្អែក​រវាង​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) និង​សម្ពន្ធមិត្ត​រួម​ទាំង​រុស្ស៊ី ដែល​គេ​ស្គាល់​ថា OPEC+ ដើម្បី​សម្រេចចិត្ត​លើ​ទិន្នផល​ប្រេង​សម្រាប់​ខែ​កញ្ញា​៕