​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ទៅ​ដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ ទោះជា​មាន​ការព្រមាន​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​​និង​លោកស្រី​ក្លាយ​ជា​មន្ត្រី​អាម៉េរិក​ជាន់​ខ្ពស់​បំផុត​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​កោះ​នេះ​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ​។​

​រូប​យកចេញ​ពី​វីដេអូ​បង្ហាញ​លោកស្រី​ផេ​ឡូ​ស៊ី ចេញពី​យន្តហោះ​នៅពេល​យន្តហោះ​របស់លោក​ស្រី​ទៅដល់​ទីក្រុង​តៃប៉ិ​កាលបី​យប់​ថ្ងៃ​អង្គារ

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​កំពុង​បង្ក​ភាព​តានតឹង​រវាង​ចិន​និង​អាម៉េរិក​។​ចិន​អះអាង​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន​ហើយ​ប្រឆាំង​រាល់​ការទាក់ទង​រវាង​រដ្ឋាភិបាល​តៃវ៉ាន់​ជាមួយ​មន្ត្រី​ទៅ​ពី​ប្រទេស​ផ្សេង​​ៗ​។​

​ក្រោយ​ការព្រមាន​«​ចាត់វិធានការ​ដាច់ខាត​នឹង​ខ្លាំងក្លា​» បើសិនជា​ផេ​ឡូ​ស៊ី​នៅតែ​ចចេស​ទៅកាន់​តៃវ៉ាន់ ក្រសួងការពារជាតិ​ចិន​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាសថា​ខ្លួន​នឹង​ធ្វើ​ប្រតិបត្តិការ​យោធា​កំ​​ណ​ត់​គោលដៅ​ជា​បន្តបន្ទាប់​ដើម្បី​«​ការពារ​អធិបតេយ្យ​ជាតិ​»​ជា​ការឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ី​។​កងទ័ព​ចិន​ថែមទាំង ប្តេជ្ញា​រារាំង​អន្តរាគមន៍​ពី​ខាងក្រៅ​និង​ការប៉ុនប៉ង​ប្រកាស​«​ឯករាជ្យ​​ភាព​តៃវ៉ាន់​»​ពី​សំណាក់​ក្រុម​ផ្តាច់​ទឹក​ដី​ទៀត​ផង​។​

​រដ្ឋាភិបាល​របស់​លោកបៃ​ដិន មិន​បាន​ទទូច​សុំ​អោយ​លោកស្រី​ផេ​ឡូ​ស៊ី​បញ្ឈប់​ដំណើរ​នេះ​ទេ នៅ​ពេល​ខ្លួន​ខិតខំ​ធានា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​វា​មិន​ជា​សញ្ញា​នៃ​ការផ្លាស់ប្តូរ​គោលនយោបាយ​អាម៉េរិក​​ចំពោះ​តៃវ៉ាន់​ទេ​។​

​តែ​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​និយាយថា​«​អំពើ​ក្បត់​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​»​អំពី​បញ្ហា​តៃវ៉ាន់​ធ្វើអោយ​បាត់បង់​ភាព​គួរអោយ​ទុកចិត្ត​ថ្នាក់​ជាតិ​របស់​​អាម៉េរិក​។​

​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃនេះ​ថា​« អ្នកនយោបាយ​អាម៉េរិក​ខ្លះ​កំពុង​លេង​ជាមួយ​ភ្លើង​លើ​បញ្ហា​តៃវ៉ាន់​។​ដំណើរ​ទស្សនកិច្ច​ពេលនេះ​ពិត​ណាស់​នឹង​មិន​នាំ​មកផល​ល្អ​ទេ​…​មុខ​​មាត់​មនុស្ស​ឆាឆៅ​ចូលចិត្ត​រករឿង​គេ​របស់​អាម៉េរិក​បង្ហាញ​សា​ជា​ថ្មី​ថា គឺ​អាម៉េរក​ជា​អ្នក​បំផ្លាញ​សន្តិភា​ពពិភ​ព​លោក​ធំ​បំផុត​»​។​

​នៅមុន​ការ​ទៅដល់​បន្តិច លោកស្រី​ផេ​ឡូ​ស៊ី​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាម៉េរិ​ក​« បំពេញ​ការប្តេជ្ញាចិត្តរ​បស់​អាម៉េរិក​ក្នុង​ការគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​…​វា​គ្មាន​អី​ខុស​​ពី​គោលនយោបាយ​អាម៉េរិក​ដែលមាន​ជា​យូរ​មក​ហើយ​នោះទេ​»​។​

​តាមពិត​ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ទេ​រីឯ​ក្រសួងការបរទេស​តៃវ៉ាន់​បដិសេធ​មិន​ព្រម​និយាយថា​តើ​លោកស្រី​ផេ​ឡូ​ស៊ី​មក​ដែរ​ឬ​អត់ តែរ​បាំង​ផ្លូវ​ត្រូវបាន​ដាក់​ជុំវិញ​សណ្ឋាគារ​ហ្គ្រែ​ន ថា​យ​អឹត​(Grand Hyatt)​ក្នុង​ទីក្រុង​តៃប៉ិ កន្លែង​ដែល​លោកស្រី​ផេ​ឡូ​ស៊ី អាច​នឹង​ស្នាក់នៅ​ចំ​ពេល​អាជ្ញាធរ​តៃវ៉ាន់​បង្កើន​សន្តិសុខ​ខ្លាំង​៕