​ប្រែ​សម្រួលៈ​បំណង​(​ប្លូម​ប៊ឺក​)៖​ចិន​នឹង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​និង​ការសាកល្បង​កាំជ្រួច​ចំនួន​បួន​ថ្ងៃ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក្នុង​ការបង្ហាញ​កម្លាំង​ដូច​តាម​ការព្រមានរបស់ខ្លួន​បន្ទាប់ពី​ប្រធានសភា​អាម៉េរិក​លោក​​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ទៅ​ដល់​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ប្រកាស​តំបន់​ហាម​ចេញចូល​ផ្តាច់មុខ​ចំនួន​៦​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ដើម្បី​សម្រួល​ដល់​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ​ដោយ​តំបន់​ខ្លះ​ឆ្លង​ចូល​​ក្នុង​ដែនទឹក​ដែល​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​អះអាងថា​ជា​របស់​ខ្លួន​។​ទំហំ​និង​វិសាលភាព​នៃ​តំបន់​ទាំងនេះ​អាច​បង្កើត​ជា​ទីតាំង​សំរាប់​យោធា​ចិន​ចាត់វិធានការ​យោធាទៅលើកោះតៃវ៉ាន់កៀក​បំផុត​ធៀប​នឹង​សក​​ម្ម​ភាព​យោធា​ចិន​នានា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​យន្តហោះ​យោធា​អាម៉េរិក​បាន​ដឹក​ប្រធានសភា​អាម៉េរិក​ទៅ​ដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ​

​តាមពិត​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិ​ត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​សៅរ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅ​ថ្ងៃ​អង្គារ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្តល់​ឳ​កាស​អោយមាន​សកម្ម​​ភាព​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ី​។​

​កងទ័ព​រំដោះប្រជាជន​បាន​និយាយថា ប្រតិបត្តិការ​នេះ​រួមមាន ការបាញ់​គ្រាប់​ពិត​ចម្ងាយ​ឆ្ងាយ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង ការសាកល្បង​ការបាញ់​គ្រាប់​បញ្ជា​នាំ​ផ្លូវ​នៅក្នុង​ដែនទឹក​ខាង​​កើត​។​

​អ្នកនាំពាក្យ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​ខាងកើត​លោក ស៊ី យី បាន​និយាយថា​«​សមយុទ្ធ​នេះ​សំដៅ​ទៅ​រក​ការ​បង្កហេតុ​ធំៗ​របស់​អាម៉េរិក​កាលពីពេល​ថ្មីៗ​លើ​បញ្ហា​តៃវ៉ាន់ និង​ប្រើ​ជា​ការព្រមាន​ខ្លាំងក្លា​មួយ​​ចំពោះកងកម្លាំង​ទាមទា​រ​ឯករាជ្យ​តៃវ៉ាន់ ឬ​ក៏​ពួក​ស្វះស្វែង​រក​ឯករាជ្យភាព​»​។​

​ផែនទី​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​បង្ហាញ​តំបន់​ដែល​យោធា​ចិន​ត្រូវធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃ​០៤​សីហា​ទៅ​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ផ្លូវកា​ររបស់​ចិន​បាន​និយា​យ​នៅក្នុង​របាយការណ៍​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធ​យោធា​«​នាវា​និង​យន្តហោះ​មិនគួរ​ចូល​ក្នុង​តំបន់​សមុទ្រ​និង​ដែន​អា​​កាស​នៃ​តំបន់​នេះ​ទេ »​។​

​សមយុទ្ធ​នេះ​រំលេច​ហានិភ័យ​ដែល​ភាព​តានតឹង​អំពី​បញ្ហា​តៃវ៉ាន់​អាច​បង្ក​អោយមាន​បញ្ហា​ផ្គត់ផ្គង់​ដែល​មាន​ស្រាប់​កាន់តែ​អាក្រក់​ទៅ​។​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ផ្លូវ​ដឹកជញ្ជូន​សំខាន់​សំរាប់​នា​ឆ្លងកាត់​ពី​ចិន​​ជប៉ុន កូរ៉េ​ខាងត្បូង​និង​តៃវ៉ាន់​ទៅកាន់​ចំណុច​នានា​នៅ​លោកខាងលិច​។​ជិត​ពាក់កណ្តាល​នៃ​កង​នាវា​ដឹកជញ្ជូន​កុងតេ​នឺ​ពិភពលោក និង​៨៨​ភាគរយ​នៃ​នាវា​ធំៗ​បំផុត​លើ​លោក ឆ្លងកាត់​ផ្លូវទឹក​នេះ​ជា​​រៀងរាល់ឆ្នាំ នេះ​បើ​តាម​ទិន្នន័យ​ចងក្រង​ឡើង​ដោយ​សារព័ត៌មាន​ប្លូម​ប៊ឺក​(Bloomberg)​។​

​កាលពី​ថ្ងៃ​អង្គារ ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា យន្តហោះ​យោធា​ចិន​២១​គ្រឿង​បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន បន្ទាប់​ពី​បួន​គ្រឿង​បាន​ហោះចូល​តំបន់​នេះ​កាល​ពី​មួយថ្ងៃ​​មុន​។​

សូមបញ្ជាក់ថា ​សមយុទ្ធ​កងទ័ព​ចិន​ពេលនេះ​នឹង​ជា​ការបង្ហាញ​កម្លាំង​ធំ​បំផុត​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ នៅពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​សាកល្បង​កាំជ្រួច​ចូលក្នុង​សមុទ្រ​ក្បែរ​កោះនេះ ជា​ចំណាត់​​ការ​តប​នឹង​ការសំរេច​របស់​ប្រធានាធិបតីប៊ីល គ្លី​ន​តុ​ន ដែលអនុញ្ញាត​អោយ​ប្រធានាធិបតី​តៃវ៉ាន់ លី តេង​ហ៊ុយ ធ្វើ​ទស្សនកិច្ច​អាម៉េរិក​៕