ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២ ខែសីហា ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដ៏​តឹងតែង​បំផុត​។​

​ការប្រកួត​បានអូសបន្លាយ​រហូតដល់​ទៅ​៥​សិត​ឯណោះ ដោយ​លទ្ធផល​កម្ពុជា​ឈ្នះ​​ឥណ្ឌូនេស៊ី​៣​សិត​ទល់​២​សិត​ក្នុង​ពិន្ទុ ២១​ទល់​២៥, ២៥​ទល់​១៥, ២១​ទល់​២៥, ២៥​ទល់​១៣, និង​១៥​ទល់​១១​។

​​ប្រធាន​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា អ៊ូ ផល្លា មិន​នឹកស្មានថា​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​ឥណ្ឌូនេស៊ី​ល្អ​ហួស​ពី​ការគិត​។​ការប្រកួត​ពិតជា​តាន់​តឹង​ខ្លាំង​មែនទែន ដោយសារ​សិត​ទី​១​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​បាន​យកឈ្នះ​ហើយ​កម្ពុជា​បាន​យកឈ្នះ​សិត​ទី​២​ដើម្បី​តាម​ស្មើ ប៉ុន្តែ​នៅ​សិត​ទី​៣ ឥណ្ឌូនេស៊ី​បាន​យកឈ្នះ​នាំមុខ ២​សិត​១​។ ទោះបីជា​យ៉ាងណា នៅ​សិត​ទី​៤ និង​ទី​៥ ក្រុម​កម្ពុជា​ធ្វើបាន​ល្អ​ដើម្បី​ទទួលបាន​ជ័យជម្នះ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ប្រធាន​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​បាន​ប្រាប់ ឲ្យ​ដឹងថា «​និយាយ​ទៅ មុន​ការប្រកួត ខ្ញុំ​គិតថា ស្រួល​ទេ តែ​ដល់ពេល​ប្រកួត​មិន​ដូច​អ្វីដែល​គិត​។ យើង​ធ្វើ​អត់​បានល្អ ព្រោះ​យើង​ប្រឹង​ពេក​។ យើង​ប្រឹង​ទម្លាក់ ដោយសារ​ធ្លាប់​មើល​គេ​លេង យើង​គិតថា គេ​អន់​។ យើង​លេង​វ៉ៃ​ល្អ តែ​ដល់ពេល​ទម្លាក់​ទៅ យើង​គាំង​តែម្តង​សិត​ទី​១ ប៉ុន្តែ​នៅ​សិត​ទី​២ យើង​បាន​កែលំអ បានធ្វើ​ឲ្យ​យើង​ល្អប្រសើរ​»​។​

នៅ​សិត​ទី​៣​ក្រុម​កម្ពុជា​ធ្វើ​មិនបាន​ល្អ​ដោយ​លេង​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ចាប់ កំហុស​ផ្តល់​ពិន្ទុ​ឲ្យ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​ជាច្រើនលើក​។ កីឡាករ អ៊ូ​ផល្លា​បាន​លើកឡើងថា យើង​មើល​វីដេអូ​ឥណ្ឌូនេស៊ី​លេង​ជាមួយ​ថៃ​អត់​ល្អ​ដល់​លេង​ជាមួយ​កម្ពុជា​យើង​ល្អ​មែនទែន​។​គាត់​ល្អ​ទាំង​គប់​ល្អ​ទាំង​បា​រ៉ា​ស់កា​រពារ​អ្នកការពារ​របស់គាត់​ខ្ពស់​។​ប្លែក​ច្រើន​មែនទែន​ពេល​លេង​ជាមួយ​ថៃ និង​លេង​ជាមួយ​កម្ពុជា​យើង​។

​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​នឹង​ជាមួយ​ក្រុម​ថៃ ថ្ងៃទី​៤ ខែសីហា​ដើម្បី​ដណ្តើម​មេដាយមាស​ខណៈ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​ត្រូវ​ប្រកួត​ជាមួយ​មី​យ៉ាន់​ម៉ា​ដើម្បី​ដណ្តើម​មេដាយ​សំរឹទ្ធ នៅ​ថ្ងៃទី​៣ ខែសីហា​៕​