​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​សីហា​នៅឯ​អង្គការសហប្រជាជាតិ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែន​ធានា​ថា​មិន​ដល់​ថ្នាក់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ទេ​ប៉ុន្តែ​​ទីក្រុង​មូ​ស្គូ​អាច​សម្រេចចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ការឆ្លើយតប​ទៅនឹង “​ការឈ្លានពាន​ដោយផ្ទាល់​” ពី​ប្រទេស​ណា​តូ​ជុំវិញ​ការ​លុកលុយ​នេះ​។​

​នៅក្នុង​សន្និសីទ​ស្តីពី​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ អ្នកការទូត​រុស្ស៊ី លោក អា​ឡិច​សាន់​ឌឺ ត្រូ​ហ្វី​ម៉ូវ (Alexander Trofimov) បាន​ច្រានចោល “​ការរំពឹង​ទុក​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ផ្តាច់ចេញ​ពី​ការពិត និង​មិន​អាច​ទទួលយកបាន​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ជាពិសេស​នៅ​អ៊ុ​យក្រែន​”​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ លោកពូ​ទីន​បានដាក់​កងកម្លាំង​ទប់ទល់​របស់​ប្រទេស ដែល​រួម​មាន​កងកម្លាំង​អាវុធ​នុយក្លេអ៊ែរ ឱ្យ​ប្រុង​ជើងការ​ខ្ពស់​ដោយ​លើកឡើង​​ពីអ្វី​ដែល​លោក​ហៅថា​ជា​សេចក្តីថ្លែងការណ៍​ដ៏​គឃ្លើន​ពី​មេដឹកនាំ​ណា​តូ និង​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​លោកខាងលិច​ប្រឆាំងនឹង​ទីក្រុង​មូ​ស្គូ​។​

​លោកត្រូ​ហ្វី​ម៉ូវ ជា​អ្នកការទូត​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​មិន​រីក​សាយភាយ​និង​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​និយាយថា​ទីក្រុង​មូ​ស្គូ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តែ​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​អាវុធ​ប្រល័យ​លោក ឬ​ការវាយប្រហារ​ដោយ​អាវុធ​ធម្មតា ដែល​គំរាមកំហែង​ដល់​អត្ថិភាព​នៃ​រដ្ឋ​រុស្ស៊ី​ប៉ុណ្ណោះ​។​

​លោកត្រូ​ហ្វី​ម៉ូ​បាន​ប្រាប់​សន្និសីទអ​.​ស​.​ប​ដើម្បី​ពិនិត្យ​សន្ធិសញ្ញា​ស្តីពី​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែ​រថា “​គ្មាន​សេណា​រី​យ៉ូណា​មួយ​នៃ​សម្មតិកម្ម​ទាំង​ពីរ​នេះ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ក្នុងប្រទេស​អ៊ុយ​​ក្រែន​នោះទេ​”​។​

​ទោះយ៉ាងណា លោក​បាន​ចោទប្រកាន់​ប្រទេស​ណា​តូ​អំពី “​ការ​សមគំនិត​គ្នា​យ៉ាង​សាហាវ​” ប្រឆាំង​នឹង​រុស្ស៊ី ដែល​ឥឡូវនេះ​”​បាន​ធ្វើឱ្យ​មាន​តុល្យភាព​ដ៏​គ្រោះថ្នាក់​លើ​ការ​រកកល​ទៅរក​ការ​ប៉ះទង្គិច​គ្នា​ដោយ​​យោធា​ដោយ​បើកចំហ​”​។​

​លោកត្រូ​ហ្វី​ម៉ូ​បាន​និយាយថា “​ចំណាត់ការ​បែបនេះ​នឹង​អាច​បង្ក​ឱ្យមាន​សេណា​រី​យ៉ូមួ​យ​ក្នុងចំណោម​សេណា​រី​យ៉ូ​អាសន្ន​ទាំងពីរ ដែល​បាន​ពណ៌នា​នៅក្នុង​គោល​លទ្ធិ​របស់​យើង​។​យើង​ច្បាស់​ណាស់​គឺ​គាំទ្រ​​ការទប់ស្កាត់​រឿង​បែប​នោះ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​លោកខាងលិច​ព្យាយាម​សាកល្បង​ការតាំង​ចិត្ត​របស់​យើង រុស្ស៊ី​នឹងមិន​រា​ថយ​នោះឡើយ​”​។​

​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​ចូលរួម​ផ្ទាល់​ក្នុង​សង្គ្រាម​អ៊ុ​យក្រែន​។​

​ទីក្រុង​មូ​ស្គូបា​ននិយាយថា ខ្លួន​កំពុង​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់​មន្ត្រី​អ៊ុ​យក្រែន​អំពី​វិធី​ដែល​ទីក្រុង​គៀវ​ប្រើប្រាស់​ជើង​ប្រព័ន្ធ​រ៉ុក្កែត HIMARS ផលិត​និង​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក ដោយ​ផ្អែក​លើ​អ្វី​ដែល​ក្រុមមន្ត្រី​ទាំងនោះ​ហៅថា រូបភាព​ផ្កាយរណប​ដ៏​ល្អ​អស្ចារ្យ​និង​ព័ត៌មាន​ទាន់​ហេតុការណ៍​ជាក់ស្តែង​៕

ទីក្រុង​មូ​ស្គូ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តែ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាវុធ​ប្រល័យ​លោក ឬ​ការវាយប្រហារ​ដោយ​អាវុធ​ធម្មតា ដែល​គំរាម                                                                                    កំហែង​ដល់​អត្ថិភាព​នៃ​រដ្ឋ​រុស្ស៊ី​ប៉ុណ្ណោះ