​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​០២​សីហា​អំពី​ការលក់​ប្រព័ន្ធ​ការពារ​អាកាស​សំខាន់ៗ​ឱ្យទៅ​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉ា​ត ដែល​មាន​តម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ​។​

​ការយល់ព្រម​លក់​អាវុធ​នេះ​ត្រូវបាន​ប្រកាស ពីរ​សប្តាហ៍​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​លោក ចូ​បៃ​ដិនបាន​ជួប​ជាមួយ​មេ​ដឹកនាំនៃ​ប្រទេស​ទាំង​ពីរ​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ក្នុង​ដំណើរ​ទស្សនកិច្ច​​មួយ​ដែល​គេ​មើលឃើញ​ថា​មាន​សារៈសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ប្រេះស្រាំ​ជាមួយ​ពួកគេ និង ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​យល់ឃើញថា​មាន​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ពី​អ៊ីរ៉ង់​។​

​ក្រសួង​ការបរទេស​បាន​និយាយថា អា​រ៉ាប៊ីសាអូឌីត​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot MIM-104E ចំនួន ៣០០ គ្រឿង​ដែល​អាច​ប្រើ​ដើម្បី​បាញ់​ទម្លាក់​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​​ដែល​កំពុង​ហោះ​ចូលមក ក៏​ដូចជា​យន្តហោះ​ចម្បាំង​ផងដែរ​។​

​ក្រសួង​បាន​និយាយថា តម្លៃ​នៃ​កាំជ្រួច​និង​ឧបករណ៍​អម​ផ្សេងៗ ការហ្វឹកហាត់ និង​គ្រឿងបន្លាស់ គឺ ៣,០៥ ពាន់​លាន​ដុល្លារ​។​

​អា​រ៉ាប៊ីសាអូឌីត​បាន​ប្រឈម​មុខ​នឹង​ការគំរាមកំហែង​ដោយ​គ្រាប់​រ៉ុក្កែត​ពី​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) របស់យេ​ម៉ែន ដែល​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ឧបករណ៍ និង​បច្ចេកវិជ្ជា​របស់​អ៊ីរ៉ង់​។​

​ក្រសួង​ការបរទេស​បាន​និយាយថា “​កាំជ្រួច​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​ព្រំដែន​របស់​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត​ប្រឆាំងនឹ​ង​ប្រព័ន្ធដ្រូ​ន​របស់​ហ៊ូ​ធី​ដែល​ឆ្លងកាត់​ព្រំដែន​ឥត​ឈប់ឈរ​និង​​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ផ្លោង​ទៅ​លើ​ទីតាំង​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​”​។​

​ដោយឡែក សហរដ្ឋ​អាម៉េរិក​នឹង​លក់​ប្រព័ន្ធ​មី​ស៊ី​លពី​ដី​ទៅ​អាកាស THAAD ឱ្យទៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក្នុងតម្លៃ ២,២៥ ពាន់​លាន​ដុល្លារ​ផង​ដែរ​។​

​ថ្មីៗ​នេះ អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក៏​ក្លាយជា​គោលដៅ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហ៊ូ​ធី​ផងដែរ ដែល​ត្រូវបាន​ទប់ស្កាត់​មួយ​ផ្នែក​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​គ្រប់គ្រង​ដោយ​យោធា​អាម៉េរិក​ដែលមាន​​មូលដ្ឋាន​នៅក្នុង​ប្រទេស​នេះ​។​

​ក្រសួង​ការបរទេស​បាន​និយាយថា “​ការលក់​ដែល​បាន​ស្នើ​ឡើង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​អារ៉ាប់​រួម​ក្នុង​ការ​ទប់ទល់​នឹង​ការគំរាមកំហែង​មី​ស៊ី​ល​ផ្លោង​នាពេល​បច្ចុប្បន្ន​និង​អនាគត​​នៅក្នុង​តំបន់ និង​កាត់បន្ថយ​ការពឹងផ្អែក​លើ​កងកម្លាំង​អាមេរិក​”៕

​អា​រ៉ាប៊ីសាអូឌីត​បាន​ប្រឈម​មុខ​នឹង​ការគំរាមកំហែង​ដោយ​គ្រាប់​រ៉ុក្កែត​ពី​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) របស់យេ​ម៉ែន​ឥតឈប់ឈរ