ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាសែត The Guardian បានរាយការណ៍កាលពីថ្ងៃអង្គារទី២សីហាថា ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសលោក ចេង ចឺគ័ង (Zheng Zeguang) បានប្តេជ្ញាថានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើសមាជិកសភាអង់គ្លេសធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។
លោកចេងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍ថាដំណើរទស្សនកិច្ចនេះនឹងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនហើយនឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងចិន-ចក្រភពអង់គ្លេស។
កាសែត The Guardian បានដកស្រង់សម្តីលោកចេង ថា “យើងសូមអំពាវនាវឱ្យភាគីអង់គ្លេសគោរពតាមសេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស ហើយកុំមើលស្រាលភាពរសើបខ្លាំងនៃបញ្ហាតៃវ៉ាន់ ដោយកុំដើរតាមគន្លងរបស់សហរដ្ឋអាម៉េរិក”។
ការអត្ថាធិប្បាយរបស់លោកចេងបានធ្វើឡើងបន្ទាប់ពីកាសែត The Guardian បានរាយការណ៍កាលពីថ្ងៃចន្ទថាគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអង់គ្លេសកំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រហែលជានៅក្នុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំនេះ។
តៃវ៉ាន់ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។
ដោយឡែក ភាពតានតឹងបានកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi)បានទៅដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារ ជាទង្វើមួយដែលចិនបានថ្កោលទោសថាជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាព៕
ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសលោក ចេង ចឺគ័ង