ដោយ​: ចាន់តូ​/​ភ្នំពេញ​: យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​បីនាក់​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​មក​ប៉ះគ្នា​បណ្តាល​ឲ្យ​ដួល​ត្រូវបាន​រថយន្ត​ធន់​ធំ​បុក និង​កិន​អូស​ជាច្រើន​ម៉ែត្រ ទាំង​ព្រឹក​ព្រលឹម​​វេលា​ម៉ោង​៥:១០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ពុំ សារឹម ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ រស់នៅ​ខាងមុខ​មន្ទីរ​ពេទ្យរុស្ស៊ី និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ស្រាល​ជា​អ្នក​ឌុប ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​។ ចំណែកឯ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឃ្លី​ក រងរបួស​ធ្ងន់​បុរស​ពីរ​នាក់ មិនបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភព​បាន ប្រាប់​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គាត់​ឃើញ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HM ២៩១៥ បើកបរ​ដោយ​បុរស​ពីរ​នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​កៀរ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១L៦៩៩៨ បើក​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បណ្ដាល​ឲ្យ​ដួល​ហើយ ស្របពេលនោះ​ក៏មាន​រថយន្ត​ធន់​ធំ​ដឹក​អីវ៉ាន់​ពេញ ម៉ាក​ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A ៣៨០៥ មកពី​ក្រោយ​កិន​លើ​ស្ត្រី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ និង​មនុស្ស​ប្រុស​ស្រី​បីនាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល​។ ក្រោយពី​កើតហេតុ​ភ្លាមៗ​តែ​កុង​បាន​ឈប់​រថយន្ត​ចោល​ហើយ​បើកទ្វារ​ចុះ​រត់​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​មធ្យោបាយ​ទាំងបី​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក សព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​