​ដោយៈ សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​ប្រាំ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្ត​បី​គ្រឿង​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ នៅ​ចំណុច​ភូមិ​ស្រែ​ខ្ញែ ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៦:៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៤៦៩៥ បើកបរ​ដោយ​ឈ្មោះ ផន ភាស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​​រស់នៅ​ភូមិ​ត្រពាំង​របង ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដឹក​កម្មករ​កម្មការិនី រោងចក្រ​វ៉េ​ន​ធូ​រ៉ា និង​រោងចក្រ​មីន ហ្វៃ នៅ​ភូមិ​ស្រែ​តា​គួ​ន ចំនួន​៤៧​នាក់​បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ​ប្រទះ​នឹង​ជង្ហុក ក៏​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Hyundai Mighty ពណ៌​ស គ្មាន​​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឆក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ វ៉េ​ន​ធូ​រ៉ា និង​រោងចក្រ​មីន ហ្វៃ នៅ​ភូមិ​ស្រែ​តា​គួ​ន ចំនួន​៤៥​នាក់​បើកបរ​ស្រប​ទិស​គ្នា​ជាន់​ហ្វ្រាំង​មិនទាន់​បណ្ដាល​ឲ្យ​បុក​​ពីក្រោយ​រថយន្ត​ខាងលើ​រួច​ក៏​យក​ចង្កូត​មក​ឆ្វេង ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A-៧២៨៥ បើកបរ​ដោយ​ឈ្មោះ ហេ​ត ផេ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ប្រ​ខ្នោ ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​ដឹក​អ្នករងរបួស​ធ្ងន់​ស្រាល​យកទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ផ្សា​ត្រពាំង​អណ្ដើក ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ចំណែក​សព​ជនរងគ្រោះ​ផ្នែក​ជំនាញ​បាន​ប្រគល់ជូន​គ្រួសារ​ដោយ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ពេទ្យ​បង្អែក​គងពិសី ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​វត្ថុតាង​រថយន្ត​ទាំងបី​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​