​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ផ្តោត​លើ​ឥស្សរជន​រុស្ស៊ី​គឺ​រួមមាន​ទាំង​ស្ត្រី​ម្នាក់ ដែល​មានឈ្មោះ​ក្នុង​របាយការណ៍​ព័ត៌មាន​ថា​ជា​ដៃគូ​ស្នេហា​យូរអង្វែង​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ផងដែរ​។​

​ក្រសួង​រតនាគារ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០២​សីហា​ថា រដ្ឋាភិបាល​បាន​បង្កក​ទិដ្ឋាការ​របស់​នាង អា​លី​ណា កា​បែ​វ៉ា (Alina Kabaeva)​ជា​អ្នក​ហាត់​កាយសម្ព័ន្ធ​អូឡាំពិក​ក្នុង​វ័យ​យុវវ័យ​របស់​នាង​​និង​ជា​អតីត​សមាជិកសភា​រុស្ស៊ី ហើយ​បាន​ដាក់​ការ​រឹតបន្តឹង​លើ​ទ្រព្យសម្បត្តិ​ផ្សេងទៀត​។ ក្រសួង​និយាយថា នាង​ក៏​ជា​ប្រធាន​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​របស់​រុស្ស៊ី​ផងដែរ​ដែល​ផ្សព្វផ្សាយ​ការ​លុក​លុយ​​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង​និង​ជា​សកម្មជន​ការពារ​សិទ្ធិ​ជនជាតិ​រុស្សី លោក អា​ឡិច​សី ណា​វ៉ាល់​នី (Alexey Navalny) ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​ប្រឆាំង​​នឹង​នាង​កា​បែ​វ៉ា ដោយ​និយាយថា សារព័ត៌មាន​របស់​នា​ង​បាន​ដឹកនាំ​ការ​លាប​ពណ៌​ការអត្ថាធិប្បាយ​របស់​លោក​ខាងលិច​អំពី​ការ​លុកលុយ​នេះ​ថា​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​នាង​កា​បែ​វ៉ា​ក្នុង​ខែឧសភា ហើយ​សហភាព​អឺរ៉ុប​បានដាក់​កំហិត​លើ​ការធ្វើដំណើរ​និង​ទ្រព្យសម្បត្តិ​លើ​នាង​ក្នុង​ខែមិថុនា​។​

​អ្នក​ជាប់​ឈ្មោះ​នៅក្នុង​កញ្ចប់​ទណ្ឌ​ក​ម្មចុ​ង​ក្រោយ​របស់​រតនាគា​រ​ផង​ដែរ​នោះ​គឺ លោក អង់​ដ្រេ ហ្គ្រី​ហ្គោរី​យ៉េ​វិច គូ​រី​យ៉េវ (Andrey Grigoryevich Guryev) ជា​មហាសេដ្ឋី​ម្ចាស់​វិមាន វី​តានឺ​សត៍​(Witanhurst)​មាន ២៥ បន្ទប់​គេង ដែល​ជា​អចលនទ្រព្យ​ធំជាងគេ​ទី​ពីរ​នៅ​ទីក្រុង​ឡុង​ដ៍​បន្ទាប់​ពី​រាជវាំង​បាក់​ឃី​ង​ហ៊ែ​ម (Buckingham)​។​

​នាវា​អាល់​ហ្វា ណារ៉ូ​( Alfa Nero) តម្លៃ ១២០ លាន​ដុល្លារ​របស់​គាត់​ក៏​ត្រូវបាន​កំណត់ថា​ជា​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​បង្កក​ផងដែរ​។ កូនប្រុស​របស់​គាត់ ឈ្មោះ អង់​ដ្រេ អេន​ឌ្រី​វិច គូ​រី​យ៉េវ (Andrey Andreevich Guryev) និង​ក្រុមហ៊ុន​វិនិយោគ​រុស្ស៊ី Dzhi AI Invest OOO របស់​កូនប្រុស​គាត់​ក៏​ជាប់​ទណ្ឌកម្ម​ដែរ​៕

​នាង អា​លី​ណា កា​បែ​វ៉ា ជាប់​ឈ្មោះ​ក្នុង​ទណ្ឌកម្ម​របស់​អាម៉េរិក តែ​ក្នុង​កម្រិត​ស្រាល​ជាង​គេ